Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែរត់ចោល ឪធ្វើចោរប៉ូលិសចាប់ កូនអត់ទីពឹង

ម៉ែរត់ចោល ឪធ្វើចោរប៉ូលិសចាប់ កូនអត់ទីពឹង

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលប៉ុស្តិ៍អូរតាវ៉ៅ សហការជាមួយនឹងនគរបាលប៉ុស្តិ៍ត្រែង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រោយពីឃាត់ខ្លួនជនសង្ស័យ ក្មេងប្រុសតូចម្នាក់ ត្រូវជាកូនរបស់ជនសង្ស័យ ដែលត្រូវម្តាយរត់ចោល ទុកឱ្យរស់នៅជាមួយនឹងឪពុក បែរជាឪពុកត្រូវសមត្ថកិច្ចចាប់ខ្លួនទៀត បន្សល់ទុកកូនតូចឱ្យរស់នៅតែលតោលគ្មានទីពឹង។

ការបង្ក្រាបករណីលួចម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ស៊ឹម វុទ្ធី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយកូនប្រុសតូចម្នាក់ ព្រោះប្រពន្ធរត់ចោល តែគ្មានលំនៅច្បាស់លាស់ទេ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូត ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ និងម៉ូតូយ៉ាម៉ាហា ស៊ីរូស ១គ្រឿង ពណ៌ក្រហម គ្មានផ្លាកលេខ។

សូមបញ្ជាក់ថា ហេតុការណ៍បាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅភូមិព្រៃមង្គល សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។ ក្រោយពីត្រូវចាប់ខ្លួន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត។

តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា សម្រាប់ក្មេងប្រុសជាកូន មន្ត្រីប៉ូលិស បានប្រាប់ឱ្យដឹងថា មិនត្រូវបានឱ្យទៅតាមឪពុកដែលជាប់ឃុំនៅពន្ធនាគារនោះទេ គឺបានប្រគល់ឱ្យជីដូនដែលរស់នៅចំណុចភ្នំអូរដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាង៉ោ ក្រុងប៉ៃលិន មើលថែ៕

RELATED ARTICLES