ភ្នំពេញ ៖ ក្រុមគ្រួសារមួយ មានគ្នា៣នាក់ (ប្តីប្រពន្ធ និងកូនតូច) ជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ក៏បត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តកុងតឺន័រ ១គ្រឿង បើកក្នុងល្បឿនលឿន បានជ្រុលមកបុក បណ្តាលឱ្យដួលម៉ូតូ បោកទៅនឹងថ្នល់ ខ្ទាតស្ត្រីជាប្រពន្ធចូលក្រោមរថយន្តកុងតឺន័រ កិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តីនិងកូន សំណាងល្អបានរួចរស់ជីវិត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីម៉ោង ៧យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវរថយន្តកុងតឺន័រកិនស្លាប់ មានឈ្មោះជុំ ស្រីណាត អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមការបញ្ជាក់ពីបុរសជាប្តី បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-4097 ដឹកប្រពន្ធនិងកូនតូច ចេញពីម្តុំផ្សារអូដឹម តាមបណ្តោយផ្លូវ
ជាតិលេខ៤ ក្នុងទិសដៅពីកើត មកលិច។ ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏បានស៊ីញ៉ូបត់ឆ្វេង ឆ្លងចូលតាមផ្លូវបេតុង គោលបំណងត្រឡប់ទៅផ្ទះវិញ ពេលបត់ជិតផុតផ្លូវទៅហើយ ស្រាប់តែមានរថយន្តកុងតឺន័រ ១គ្រឿង
ក្បាលពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3D-4550 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិស ក្នុងល្បឿនយ៉ាងលឿន មកបុកម៉ូតូរបស់ខ្លួនពីក្រោយ បណ្តាលឱ្យដួលខ្ទាតស្ត្រីជាប្រពន្ធចូលរថយន្តកុងតឺន័រ កិនស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែកខ្លួនជាប្តីនិងកូនតូច គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្តបង្កហេតុ បានព្យាយាមបើករត់ទៅមុខជាច្រើនម៉ែត្រ តែត្រូវសមត្ថកិចតាមឃាត់បានទាំងអ្នកបើកបរ និងរថយន្ត។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែង ស្ទូចយករថយន្តបង្កហេតុនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕