Monday, January 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪពុកបង្កើត ចាប់អារកកូនប្រុស៩ឆ្នាំ

ឪពុកបង្កើត ចាប់អារកកូនប្រុស៩ឆ្នាំ

ខេត្តសៀមរាប ៖ បុរសម្នាក់ បានចាប់អារកកូនប្រុសបង្កើតខ្លួនឯងដែលទើបនឹងមានអាយុ ៩ឆ្នាំ យ៉ាងសហាវឃោរឃៅ បណ្តាលឱ្យកូនប្រុសទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនសង្ស័យជាឪពុក ត្រូវបានអ្នកជិតខាងចាប់ចងដៃ  ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់អារកកូនប្រុសខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង។

ជនសង្ស័យដែលធ្វើសកម្មភាពអារកកូនប្រុសបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសួង ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះនី បូរ៉ា អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុក របស់ជនសង្ស័យ (ស្នាក់នៅផ្ទះជាមួយគ្នា)។

សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះសួង ណាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ ជាច្រើនឆ្នាំណាស់មកហើយ និងតែងលេបថ្នាំជាប្រចាំ ប៉ុន្តែអាការជំងឺ ហាក់មិនបានធូរស្រាលសោះ។ លុះមកដល់ថ្ងៃកើតហេតុ ទំនងជាអាការជំងឺធ្វើទុក្ខ បណ្តាលឱ្យជនសង្ស័យគ្រប់គ្រងសតិស្មារតីរបស់ខ្លួនលែងបាន ក៏ធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែ មកចាប់អារកកូនប្រុសរបស់ខ្លួនដែលទើបនឹងមានអាយុ ៩ឆ្នាំ បណ្តាលឱ្យរបួសយ៉ាងធ្ងន់ ត្រង់បំពង់ក និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកុមារអង្គរ ក្រុងសៀមរាប។

ក្រោយកើតហេតុ ប្រជាពលរដ្ឋជិតខាង បានចូលទៅចាប់ឃាត់ខ្លួនជនសង្ស័យ និងយកក្រមាមកចងដៃជាប់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យនេះ ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES