Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនម៉ែចិញ្ចឹម វ៉ៃកូនស្រីរបួសសុសខ្លួន

ចាប់ខ្លួនម៉ែចិញ្ចឹម វ៉ៃកូនស្រីរបួសសុសខ្លួន

ភ្នំពេញ ៖ ក្មេងស្រីវ័យ ៦ឆ្នាំម្នាក់ ត្រូវបានស្ត្រីម្នាក់ទទួលយកមកចិញ្ចឹមទុកដូចជាកូនស្រី ស្រលាញ់ថ្នាក់ថ្នមបានតែដំបូង ស្រាប់តែក្រោយមក ក៏បែកគំនិតបញ្ចេញចរិតកោងកាច វាយធ្វើបាប ធ្វើទារុណកម្មកូនស្រីចិញ្ចឹមរូបនេះ បណ្តាលឱ្យរងរបួសសុសពេញខ្លួន ទីបំផុតត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីជាម្តាយចិញ្ចឹមចិត្តកំណាច នាំយកមកចាត់ការតាមច្បាប់។

ករណីស្ត្រីកំណាចវាយធ្វើទារុណកម្មកូនស្រីចិញ្ចឹមរបស់ខ្លួន បណ្តាលឱ្យរងរបួសសុសខ្លួននេះ បានកើតឡើងជាយូរមកហើយ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ ក្រោយពីស្ត្រីជាម្ចាយចិញ្ចឹម បានវាយធ្វើទារុណកម្មកូនស្រីសាជាថ្មី កាលពីវេលា

ម៉ោងប្រមាណ ៩យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ 13Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ លុះមកដល់វេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ទើបសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យដល់ផ្ទះតែម្តង។

ស្ត្រីកំណាចដែលវាយធ្វើទារុណកម្មកូនស្រីចិញ្ចឹម និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះចាន់ ធីតា អាយុ៣៧ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ 13Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។  ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ក.ស.ក អាយុ ៦ឆ្នាំ ត្រូវជាកូនចិញ្ចឹមរបស់ស្ត្រីសង្ស័យឈ្មោះចាន់ ធីតា និងស្នាក់នៅជាមួយជនសង្ស័យ នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានម្តាយបង្កើតឈ្មោះកេង សុភា អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែក្រោយមក ក៏ត្រូវបានស្ត្រីសង្ស័យខាងលើ បានទៅសុំក្មេងស្រីរងគ្រោះ ពីម្តាយបង្កើត ដោយប្រាប់ថា សុំយកនាងមកធ្វើជាកូនចិញ្ចឹម ដោយសន្យាថាស្រលាញ់ថ្នាក់ថ្នម ទុកដូចជាកូនបង្កើតរបស់ខ្លួនដូច្នោះដែរ ដោយគិតរហូតមកដល់បច្ចុប្បន្ន ក្មេងស្រីរងគ្រោះត្រូវបានស្ត្រីសង្ស័យយកមកចិញ្ចឹម អស់រយៈពេលប្រមាណជាង១ឆ្នាំទៅហើយ។

ប្រភពដដែល បន្តថា ជារឿយៗ ក្មេងស្រីរងគ្រោះ តែងត្រូវបានម្តាយចិញ្ចឹមខាងលើវាយធ្វើបាបជាញឹកញាប់ គ្រាន់តែមិនសូវធ្ងន់ធ្ងរដូចលើកនេះ ហើយរាល់ពេលម្តាយចិញ្ចឹមវាយដំ ក្មេងស្រីរងគ្រោះ តែងរត់ទៅសុំឱ្យអ្នកជិតខាងជួយជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍ថាម្តាយចិញ្ចឹមរូបនេះ វាយដំ ធ្វើទារុណកម្មកូនស្រីធ្ងន់ធ្ងរ

បែបនេះឡើយ នឹកស្មានថាគ្រាន់តែជាការវាយរបៀបអប់រំទូន្មានក្នុងនាមជាម្តាយប៉ុណ្ណោះ។ រហូតមកដល់ចុងក្រោយ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្មេងស្រីរងគ្រោះ ត្រូវបានម្តាយចិញ្ចឹមចិត្តកំណាចវាយធ្វើទារុណកម្ម សាជាថ្មី ដោយប្រើដៃទះតប់ផ្ទៃមុខផង និងយកដែកព្យួរខោអាវវាយដងខ្លួន បណ្តាលឱ្យរងរបួសជាំសុសពេញខ្លួនតែ

ម្តង រហូតដល់ក្មេងស្រីរងគ្រោះ បានរត់ទៅសុំឱ្យអ្នកជិតខាងជួយសាជាថ្មី និងត្រូវអ្នកជិតខាងទ្រាំមើលនឹងភ្នែកនូវទង្វើដ៏ឃោរឃៅនេះមិនបាន ក៏ថតរូបភាព ស្នាមរបួសរបស់ក្មេងស្រីរងគ្រោះ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការចែករំលែកយ៉ាងច្រើន រហូតផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញចុះអន្តរាគមន៍ ចាប់ខ្លួនម្តាយចិញ្ចឹមរូបនោះតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនស្ត្រីសង្ស័យជាម្តាយចិញ្ចឹម ដែលវាយដំធ្វើទារុណកម្មលើកូនស្រីវ័យ៦ឆ្នាំនេះ បានធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាល

ខណ្ឌទួលគោក បានចុះស្រាវជ្រាវនិងឃាត់ខ្លួនស្ត្រីជាជនសង្ស័យដល់មុខផ្ទះ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ត្រីសង្ស័យឈ្មោះចាន់ ធីតា បានប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកសម្រាប់ព្យួរខោអាវ វ៉ៃទៅលើដងខ្លួនក្មេងស្រីរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់។

ស្ត្រីសង្ស័យជាម្តាយចិញ្ចឹមខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្តោះសន្នរបស់អង្គការមួយ។

ដោយឡែកគណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាតចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា។ ជាមួយគ្នានេះ ក.ជ.ក សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ បានអះអាងទៀតថា ករណីនេះបានធ្វើឱ្យមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កម្សត់នេះ ដែលទទួលរងគ្រោះដោយអំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃកម្ពុជា។

ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរ៉ឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕

RELATED ARTICLES