Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តើរម៉ូតូតាមផ្លូវ១គ្រួសារ ឡានបុកស្លាប់៤នាក់

បណ្តើរម៉ូតូតាមផ្លូវ១គ្រួសារ ឡានបុកស្លាប់៤នាក់

ខេត្តបាត់ដំបង ៖ មនុស្សប្រុស-ស្រី ក្មេងចាស់ ១គ្រួសារ មានគ្នា៧នាក់ កំពុងបណ្តើរម៉ូតូតាមផ្លូវសុខៗ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកផ្តាច់ជីវិតសរុប ៤នាក់ (ក្នុងនោះមានម្នាក់កំពុងមានផ្ទៃពោះ ៣ខែ) ចំណែកសមាជិកគ្រួសារ ៣នាក់ទៀតរងរបួសធ្ងន់។

សោកនាដកម្មដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ 57B ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិទូលទិល ឃុំតាក្រី ស្រុកកំរៀង។

ជនរងគ្រោះទាំង ៤នាក់ ដែលត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មនោះ រួមមាន ៖ ទី១-ឈ្មោះកាំង សំណាង ភេទស្រី អាយុ៥៩ឆ្នាំ (ស្លាប់នៅនឹងកន្លែង) ទី២-ឈ្មោះឡី ស្រីម៉ៅ ភេទស្រី អាយុ១៦ឆ្នាំ មានផ្ទៃពោះ៣ខែ (ស្លាប់នៅមន្ទីរពេទ្យ) ទី៣-ឈ្មោះហឿន ធារ៉ា ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ) និងទី៤-ឈ្មោះហឿន ភារម្យ ភេទស្រី អាយុ៥ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យ)។

ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ៣នាក់ រួមមាន ៖ ទី១-ឈ្មោះហុល ភឿន ភេទប្រុស អាយុ៦០ឆ្នាំ ទី២-ឈ្មោះអ៊ី សាឯម ភេទស្រី អាយុ៣៦ឆ្នាំ និងទី៣-ឈ្មោះឡី ស្រីមុំ  ភេទស្រី អាយុ១៥ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា សោកនាដកម្មដែលផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាកនីស្សាន់ មួយបាំងកន្លះ ប្រភេទដឹកទំនិញ បានបើកបុកអ្នកថ្មើរជើងចំនួន ៧នាក់ ដែលកំពុងដើរជុំគ្នាបណ្តើរម៉ូតូមួយគ្រឿង ក្នុងនោះ មានកូនក្មេងតូចៗចំនួន ៣នាក់ ជិះលើម៉ូតូផង ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែពេលបណ្តើរដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងបន្តិចផង ស្រាប់តែត្រូវរថយន្តបង្កហេតុខាងលើ បើកក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នា បានជ្រុលមកបុករះអ្នកថ្មើរជើងពីក្រោយទាំងកំរោល បណ្តាលឱ្យខ្ទាតមនុស្សដួលដេករដូករណែលពេញថ្នល់ ចំណែកម៉ូតូជនរងគ្រោះ ត្រូវរថយន្តបុកអូសរហូតផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតគ្មានសល់។

ប្រភពដដែល បញ្ជាក់ថា បន្ទាប់ពីបង្កហេតុភ្លាមៗ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ ព្រោះនៅពេលបុកនោះ គឺមានសភាពស្ងាត់។ នៅក្នុងហេតុការណ៍នេះ ដំបូងឡើយ បានបង្កឱ្យនារីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ដោយឡែកអ្នករបួសធ្ងន់ទាំងអស់ ៦នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ហើយក៏មានម្នាក់ទៀតបានស្លាប់។ បន្ទាប់មកទៀត  ដោយសារឃើញស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យ ក៏បានបញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក៏មានអ្នករបួស២នាក់ ទៀតបានបាត់បង់ជីវិត សរុបមានអ្នកបាត់បង់ជីវិតទាំងអស់ ៤នាក់ ក្នុងនោះ មានម្នាក់ជាស្ត្រីមានផ្ទៃពោះ៣ខែ។ ដោយឡែក ជនរងគ្រោះ ៣នាក់ទៀត កំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅឡើយ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រួចសន្និដ្ឋានថា ហេតុការណ៍នេះបង្កឡើងដោយភាគីរថយន្ត បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ពេលដល់ចំណុចផ្លូវកោង ទើបបុកសម្លាប់មនុស្សទាំងកំរោលបែបនេះ។

យ៉ាងណា មន្ត្រីជំនាញបានអូសយករថយន្តបង្កហេតុ ទៅរក្សាទុក ដើម្បីស្រាវជ្រាវរកជនបង្កហេតុ ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើតាមប្រពៃណី៕

RELATED ARTICLES