ខេត្តកំពង់ធំ ៖ បុរសម្នាក់ បានអង្គុយផឹកស្រាជាមួយក្មួយប្រុសរបស់ខ្លួន នៅលើគ្រែខាងក្រោមផ្ទះ ឮតែសំឡេងសើចក្អាកក្អាយ លុះស្រវឹងជោក ក៏កើតមានការប្រកែកប្រណាំងសម្តីគ្នាទៅវិញទៅមក រហូតដល់មាន

ជម្លោះតឹងសរសៃក រហូតភាគីឪពុកមាឆេះឆួលកំហឹង ស្ទុះទាញពូថៅ កាប់ក្មួយប្រុស ១ពូថៅ ចំក្បាលពីក្រោយ បណ្តាលឱ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ចំណែកជនដៃដល់ជាឪពុកមា បានរត់គេចខ្លួនបាត់ភ្លាមៗ។

ករណីអំពើឃាតកម្មនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

ជនដៃដល់ជាឪពុកមាដែលកាប់ក្មួយប្រុសរបស់ខ្លួន បណ្តាលឱ្យស្លាប់ រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះស៊ឹង សឹម អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាក្មួយប្រុស មានឈ្មោះមឿន ម៉ៃ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ ដែលត្រូវជាឪពុកមា និងក្មួយបង្កើត បាននាំគ្នាអង្គុយផឹកស្រា ហើយនិយាយលេងជាមួយគ្នាអស់រយៈពេលជាច្រើនម៉ោង

នៅលើគ្រែក្រោមផ្ទះ គឺផឹកបណ្តើរនិយាយគ្នាបណ្តើរ។ លុះនិយាយចុះនិយាយឡើងយូរៗទៅ ស្រាប់តែប្រកែកគ្នាតឹងយ៉ាងសរសៃក រហូតក្លាយជាទំនាស់ពាក្យសម្តីដាក់គ្នារវាងឪពុកមានិងក្មួយ ដោយសារតែឥទ្ធិពលគ្រឿងស្រវឹង។

ប្រភពដដែល បន្តថា ដោយខឹងក្មួយប្រុសប្រើពាក្យសម្តីខ្លាំងៗ មិនគោរពខ្លួនជាឪពុកមា ធ្វើឲ្យជនដៃដល់ជាឪពុកមា ស្ទុះទៅទាញពូថៅ មកកាប់ក្បាលក្មួយប្រុសពីខាងក្រោយ ១ពូថៅ ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាក្មួយប្រុស ប្រកាច់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ។

ក្រោយពីធ្វើសកម្មភាពកាប់ក្មួយប្រុស បណ្តាលឱ្យស្លាប់ហើយ ជនសង្ស័យជាឪពុកមា បានរត់គេចខ្លួនបាត់ភ្លាមៗដែរ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕