Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំរោងចក្រ ខ្មោចព្រាយចូលសណ្ឋិត​ ស្រែកយំទារចេក មាន់ស្ងោរ ភ័យសន្លប់៨នាក់

ក្រមុំរោងចក្រ ខ្មោចព្រាយចូលសណ្ឋិត​ ស្រែកយំទារចេក មាន់ស្ងោរ ភ័យសន្លប់៨នាក់

ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីរោងចក្រ ប្រមាណជិត៤០០នាក់ កំពុងធ្វើការងារសុខៗ ស្រាប់តែមានកម្មការិនីម្នាក់ បានស្រែកយំ ទាមទារចេក ដូងខ្ចី និងមាន់ស្ងោរ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញរោងចក្រ និងបណ្តាលឱ្យកម្មការិនីដែលធ្វើការនៅក្បែរៗគ្នានោះ មានអារម្មណ៍ភិតភ័យ ដួលសន្លប់ជាបន្តបន្ទាប់ សរុប ៨នាក់ ជឿថា និងត្រូវបានខាងរោងចក្រ ប្រញាប់ដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែពេលទៅដល់ គ្រូពេទ្យពិនិត្យទៅ មិនឃើញមានជំងឺអ្វីទេ ដែលករណីនេះ គេជឿថា ជាករណីខ្មោចព្រាយចូលសណ្ឋិត លុះមានការសែនព្រេនថ្វាយមាន់ស្ងោរ ចេក និងដូងខ្ចី តាមការទាមទារ ទើបខ្មោចសុខចិត្តចាកចេញពីរាងកាយកម្មការិនីទាំងនោះវិញ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងរោងចក្រយូថាយ វ៉ាយធីស៊ី (ខេមបូឌា) មានទីតាំងស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី។

កម្មការិនីរោងចក្រ យូថាយ វ៉ាយធីស៊ី (ខេមបូឌា) ដែលដួលសន្លប់ មានចំនួន៨នាក់ ក្នុងចំណោមកម្មករ-កម្មការិនីសរុបចំនួន ៣៨៣នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ)។

លោកចឹក បូរិន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីដួលសន្លប់នេះ គឺផ្តើមចេញពីកន្លែងបិទកាវកាបូបក្នុងរោងចក្រ ហើយក្រោយមក ក៏បានបញ្ជូនបន្ទាន់ទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ដើម្បីធ្វើការជួយសង្គ្រោះ។ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានទទួលព្យាបាល និងពិនិត្យ តែគ្រូពេទ្យបានបញ្ជាក់ថា ក្រុមកម្មការិនីទាំងអស់នេះ មិនមានជំងឺអ្វីនោះទេ ហើយក៏ពិនិត្យរកមិនឃើញរោគសញ្ញាអ្វីដែរ។

លោកចឹក បូរិន បានបញ្ជាក់ថា អ្វីដែលគេចាប់អារម្មណ៍នោះ មានកម្មការិនីខ្លះ មិនព្រមឱ្យក្រុមគ្រូពេទ្យព្យាបាលនោះទេ គឺប្រឹងរើបម្រះ និងស្រែកទារតែចេក ដូងខ្ចី និងមាន់ស្ងោរ។

លោកប្រធានមន្ទីរការងារ បានបន្តថា ដោយស្ថានភាពមិនប្រក្រតីនេះ ក្រុមគ្រូពេទ្យបានសម្រេចប្រគល់អ្នកគ្រោះដែលមានអារម្មណ៍រវើរវាយទាំងអស់នោះ ទៅអ្នកគ្រប់គ្រងរោងចក្រវិញ ដើម្បីរៀបចំពិធីសែនព្រេន។ បន្ទាប់ពីបានរៀបចំសែនព្រេនមាន់ស្ងោរ ចេកទុំ និងដូងខ្ចី តាមការស្រែកទាររបស់កម្មការិនីរួចមក ឃើញថាស្ថានភាពអាការពួកគេក៏មានការធូរស្រាលឡើងវិញ និងឈប់ស្រែករវើរវាយទៀត។

ករណីនេះ បើតាមកម្មករ-កម្មការិនីដែលធ្វើការក្នុងរោងចក្រជាមួយគ្នា ជឿថា ជាករណីខ្មោចព្រាយចូលសណ្ឋិត លុះមានការសែនព្រេនថ្វាយមាន់ស្ងោរ ចេក និងដូងខ្ចី តាមការទាមទារ ទើបខ្មោចអស់ចិត្ត និងចាកចេញពីរាងកាយកម្មការិនីទាំងនោះវិញ៕

RELATED ARTICLES