Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះលាងជើង រអិលធ្លាក់ទឹក លង់ស្លាប់

ចុះលាងជើង រអិលធ្លាក់ទឹក លង់ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានជិះកង់មកឈប់ជាប់នឹងបង្កាន់ដៃស្ពាន រួចក៏បានចុះទៅលាងជើងនៅមាត់ទឹក ស្រាប់តែអកុសល បានរអិលជើងធ្លាក់ចូលទឹក រួចក៏លិចបាត់ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្នុងភូមិ និងសមត្ថកិច្ច ព្រមទាំងកម្លាំងយោធាផង បាននាំគ្នាចុះមកជួយរាវរកអស់រយៈពេលជាង ២ម៉ោង រហូតដល់ប្រទះឃើញសព។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ពានក្រឡ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះជួប កាក់ អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះកង់ ១គ្រឿង មកឈប់នៅត្រង់ចំណុចស្ពានក្រឡ រួចក៏បានផ្អែកកង់ជាប់នឹងបង្កាន់ដៃស្ពាន រួចក៏ដើរសួរចុះទៅលាងជើង នៅមាត់ទឹក ស្រាប់តែអកុសល ជនរងគ្រោះបានរអិលជើងធ្លាក់ចូលទឹក រួចក៏លិចបាត់ខ្លួនឈឹងតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ត្រី អុន គឹមហួង មេបញ្ជាការផ្នែកសឹករងស្រុកមង្គលបុរី បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានបុរសម្នាក់ ធ្លាក់ចូលទឹកបាត់ខ្លួន នៅត្រង់ចំណុចកើតហេតុខាងលើ លោកក៏បានដឹកនាំកម្លាំងចំនួន ៦នាក់ ចុះជួយរាវរក ដោយប្រើពេលជាង ២ម៉ោង ទើបរាវរកឃើញ និងស្រង់សពជនរងគ្រោះឡើងមកលើគោក ។

បន្ទាប់ពីស្រង់សពដាក់លើគោក នាវេលាម៉ោង ០៣រសៀល ថ្ងៃដដែល សមត្ថកិច្ចជំនាញ ក៏បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES