Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែក្មេកបំបែកប្រពន្ធឲ្យយកប្តីថ្មី កូនប្រសាទាញកាំបិតចាក់ធ្លុះភ្នែក

ម៉ែក្មេកបំបែកប្រពន្ធឲ្យយកប្តីថ្មី កូនប្រសាទាញកាំបិតចាក់ធ្លុះភ្នែក

ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយម្តាយក្មេករបស់ខ្លួន បន្ទាប់ពីដឹងថា ស្ត្រីជាម្តាយក្មេក កំពុងមានចេតនាបំបែកប្រពន្ធរបស់ខ្លួន ឱ្យទៅយកប្តីថ្មី ជាហេតុធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នា ដោយភាគីម្តាយក្មេក បានទាញកាំបិតស្ទុះទៅរកចាក់កូនប្រសា តែត្រូវកូនប្រសាដណ្តើមកាំបិតបាន ក៏ចាក់ម្តាយក្មេកវិញ ចំភ្នែកខាងស្ដាំ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា (កូនប្រសាចាក់ម្តាយក្មេកធ្លុះភ្នែក) នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដំណាក់ស្តេច ស្ថិតក្នុងភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។

ជនដៃដល់ជាកូនប្រសា ដែលចាក់ម្តាយក្មេក ១កាំបិត ចំភ្នែក បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះរឹម សុផា ហៅជាងម៉ៅ អាយុ៣៦ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយក្មេក មានឈ្មោះលឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កហេតុជាកូនប្រសា ឈ្មោះរឹម សុផា ហៅជាងម៉ៅ បានកើតមានជម្លោះពាក្យសម្តីជាមួយស្ត្រីរងគ្រោះជាម្តាយក្មេក យ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ម្តាយក្មេករបស់ខ្លួន កំពុងមានចេតនាបំបែកប្រពន្ធរបស់ខ្លួន ចេញពីដើមទ្រូង ដើម្បីឱ្យនាងទៅរៀបការជាមួយប្រុសថ្មី។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតមានជម្លោះពាក្យសម្តីកាន់តែក្តៅគគុក ក៏ធ្វើឱ្យទាំង២នាក់ ម្តាយក្មេកនិងកូនប្រុស កើតមានការប្រតាយប្រតប់គ្នាផងដែរ បន្ទាប់មក ជនបង្កហេតុជាកូនប្រសា បានយកកាំភ្លើងខ្លីកែច្នៃ (បាញ់គ្រាប់វាំងឡុង) គំរាមបាញ់ទៅលើជនរងគ្រោះ ជាម្តាយក្មេក។ ពេលនោះម្តាយក្មេក ក៏បានយកកាំបិតកាន់ជាប់ដៃ រួចក៏ស្ទុះទៅចាក់កូនប្រសា តែភ្លាមនោះ ត្រូវបានកូនប្រសា ដណ្តើមកាំបិតបាន ក៏ចាក់ទៅលើម្តាយក្មេក ចំនួន១កាំបិត ចំភ្នែកខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់។ ឃើញស្ថានភាពបែបនេះ ឈ្មោះដា ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ជាកូនប្រសាឈ្មោះលឹម រ៉េត បានស្ទុះចូលទៅជួយម្តាយក្មេក ដោយបានយកឈើច្រត់ដែក វាយទៅលើបងថ្លៃ ឈ្មោះរឹម សុផា ចំក្បាលខាងក្រោយ បែកហូរឈាមជោកខ្លួន។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាម្តាយក្មេក ឈ្មោះលឹម រ៉េត ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ បន្ទាប់មក សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនបង្កហេតុជាកូនប្រសា នាំយកមកសាកសួរ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន កាំបិត ១ដើម កាំភ្លើងជ័រកែច្នៃ ១ដើម បង់១ និងគ្រាប់ចំនួន ១គ្រាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាកូនប្រសា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់ម្តាយក្មេក បណ្តាលឲ្យរងរបួសប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងនឹងស្ត្រីរងគ្រោះជាម្តាយក្មេក ដែលមានចេតនាចង់បំបែកប្រពន្ធរបស់ខ្លួន ចេញពីរូបខ្លួន ឱ្យនាងទៅយកប្តីថ្មី។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES