ភ្នំពេញ៖ប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានសារភាពស្នេហ៍ជាសាធារណៈជាង៣ខែមកហើយ ដែលពេលនេះចំណងស្នេហាពួកគេលែងលាក់លៀមហើយស្រីស្រស់ប្រុសរូបសង្ហារ១គូនេះចេញរកស៊ីនិងសន្សំលុយរួមគ្នាមុនពេលដែលពួកគេសម្រេចចិត្តចូលរោងការនាពេលខាងមុខនេះ។គីមមួយ បានដឹកដៃរតនៈ Live លក់អ៊ឺវ៉ាន់តាមOnline ហើយការទទួលយករតនៈ មកធ្វើជាអ្នកស្អំរបួសបេះដូងឲ្យនាងនេះធ្វើឲ្យតារាហង្សមាសដែលធ្លាប់តែទទួលបន្ទុកបង់រំលស់ផ្ទះ១ល្វែងរយៈពេលជាង១០ឆ្នាំតែម្នាក់ឯងនោះ ឥឡូវនាងលែងសូវពិបាកទៀតហើយ ព្រោះអតីតកូនក្រុមពេជ្រ សោភា បានចូលខ្លួនមកអន្ដរាគមន៍។ដោយឡែកសម្រាប់តារារួមអាជីព និងអ្នកនៅក្រៅរង្វង់សិល្បៈវិញបានសរសើរគីមមួយ ថានាងពិតជាគំរូល្អមួយព្រោះសុខចិត្តផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗ ដើម្បីភ្ជាប់ស្នេហ៍ប្រុសក្មេងរតនៈ ជាបុរសដែលនៅលីវហើយស្នេហ៍នាងស្មោះ ខណៈដែលប្រុសៗផ្សេងទៀតទោះជាសម្បូរទ្រព្យមែន ប៉ុន្ដែមិនមែននៅទំនេរនោះទេ ហេតុនេះទើបនាងគីមមួយ ព្យាយាមគេចតំណែងជំទាវលាក់មុខ តែមកធ្វើជាព្រះនាងរបស់ប្រុសក្មេងវិញ។

ប៉ាច គីមមួយ បានពិសោធន៍ស្នេហ៍សយ រតនៈ ជាច្រើនឆ្នាំទើបនាងសុខចិត្តប្រគល់បេះដូងទៅឲ្យបុរសជារួមទ្រនុំជាមួយនាងនេះដោយមិនខ្លាចការជ្រើសរើសអ្នកមានអាជីពដូចគ្នាប្រឈមការដើរជាន់ដានចាស់ជាថ្មីម្ដងទៀតឡើយ។គីមមួយ សុខចិត្តផាត់ចោលផ្ទះវីឡារ និងរថយន្ដទំនើបៗដែលប្រុសវ័យចំណាស់ចង់ប្រគល់ឲ្យនាងដោយមិនចាំបាច់លេងសិល្បៈទៀត ហើយនាងពេញចិត្តការបង់រំលោះផ្ទះរួមគ្នានិងជិះរថយន្ដត្រឹមម៉ាកPrius ជាមួយអនាគតស្វាមីរបស់នាងលោករតនៈ ។យ៉ាងណាប្រសិនបើគីមមួយ-រតនៈ ចង់បង់ផ្ទះរួចទើបនាងរៀបការនោះមានន័យថាពួកគេប្រើពេលដល់ទៅជិត១០ឆ្នាំទៀតឯណ្ណោះទើបអាចដឹកដៃគ្នាចូលរោងការបាន ហេតុនេះអំឡុងពេលដែលគីមមួយ នៅតែមានប្រុសផ្សេងព្យាយាមរាយអន្ទាក់ស្នេហ៍នោះមានន័យថារតនៈ អាចនឹងរំអុកនាងរៀបការមុនកំណត់ជាមិនខាន ដើម្បីជៀសវាងចំណងស្នេហាមានការប្រែប្រួល។

គូរកត់សម្គាល់ថាប៉ាច គីមមួយ ហាក់នៅទ្រឹងអាជីពចម្រៀងរយៈពេលចុងក្រោយនេះបន្ទាប់ពីនាងអស់ឱកាសច្រៀងសម្ដែងជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ជាង១ឆ្នាំមក ។តែគីមមួយ បែជាលេចធ្លោគូសមជាមួយចម្រៀងCover បទល្បីៗរបស់លោកព្រាប សុវត្ថិ និងឆាយ វីរៈយុទ្ធ ទៅវិញដោយFan របស់នាងពេញចិត្តទាំងរូបសម្រស់និងសំនៀងរបស់នាងថាពិតជាគូរឲ្យទាក់ទាញ៕

