ខេត្តព្រះវិហារ ៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអាវុធហត្ថ និងនគរបាលស្រុកជ័យសែន ខេត្តព្រះវិហារ បានឃាត់រថយន្តកែច្នៃដឹកឈើបានមួយគ្រឿង និងឃាត់ខ្លួនអ្នកបើកបររថយន្តផងដែរ កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
ប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានរថយន្តសាំងយ៉ុងដឹកឈើ ១គ្រឿង ចេញពីភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន តាមផ្លូវលេខ២៤ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ទាំងអ្នកបើកបរ បញ្ជូនទៅរដ្ឋបាលព្រៃឈើ ស្រុកជ័យសែន ដើម្បីអនុវត្តច្បាប់។
តាមការសាកសួរអ្នកបើកបររថយន្តដឹកឈើ ឈ្មោះសៅ វិចិត្រ អាយុ៣០ឆ្នាំ មានលំនៅ ភូមិកោក ឃុំស្អាង ស្រុកជ័យសែន បានប្រាប់សមត្ថកិច្ចថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តដឹកឈើឱ្យថៅកែម្នាក់ ឈ្មោះម៉េត
ដើម្បីយកទៅលក់នៅដេប៉ូឈ្មោះចែអូន នៅខេត្តកំពង់ធំ តែប៉ុណ្ណោះ។ ទាក់ទងនឹងការរត់ការនៅតាមដងផ្លូវ គឺឈ្មោះ ម៉េត ជាអ្នកទទួលខុសត្រូវ។
សមត្ថកិច្ចឱ្យដឹងទៀតថា ឈើដែលបង្ក្រាបបាននោះ មានជាង ៤ម៉ែត្រគូប ជាប្រភេទឈើក្តារគ្រឿងផ្ទះ។
ជាការកត់សម្គាល់ ក្រៅពីឈ្មួញឈ្មោះម៉េត ក៏មានឈ្មួញដទៃទៀតរកស៊ីដឹកឈើជារៀងរាល់យប់ ចេញពីស្រុកជ័យសែន ខេត្តព្រះវិហារ ទៅលក់តាមដេប៉ូ នៅខេត្តកំពង់ធំ ផងដែ៕