Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅរាំធុងបាស់ ៥ព្រួតវ៉ៃ១ដេកពេទ្យ

ទៅរាំធុងបាស់ ៥ព្រួតវ៉ៃ១ដេកពេទ្យ

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ បានទៅចូលរួមរាំលេងកម្សាន្តវង់ធុងបាស់នៅក្នុងភូមិ ស្រាប់តែត្រូវបានក្រុមក្មេងទំនើង ១ក្រុម មានគ្នាប្រមាណ ៥នាក់ ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចវង់ធុងបាស់ ១កន្លែង ស្ថិតក្នុងភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់។

យុវជនរងគ្រោះដែលត្រូវក្មេងទំនើងព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះសាន សាមឌី អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងមូលដ្ឋានខាងលើ មានពិធីបុណ្យភូមិមួយ ដោយមានការចាក់ធុងបាស់ សម្រាប់ឱ្យយុវវ័យរាំលេងកម្សាន្តក្នុងពេលរាត្រីទៀតផង។ លុះក្រោយមក ជនរងគ្រោះបានទៅចួលរួមលេងសប្បាយ និងរាំរែកជាមួយអ្នកភូមិ ដែរ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ លេចមុខក្មេងទំនើង ១ក្រុម មានគ្នា ៥នាក់ បានព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនបង្កហេតុ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES