Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប៉ូលិសចាប់ឈើ ចាក់សាំងដុតផ្ទះចោល

ខឹងប៉ូលិសចាប់ឈើ ចាក់សាំងដុតផ្ទះចោល

ខេត្តព្រះវិហារ ៖ បុរសម្នាក់ ខឹងសម្បារឿងសមត្ថកិច្ចនិងមន្ត្រីជំនាញចុះចាប់ឈើរបស់ខ្លួនដល់ផ្ទះ ក៏ធ្វើសកម្មភាពចាក់សាំង ១ប៊ីដុង ដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆេះខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីនេះបានកើតឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែឧសភា នៅភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។

បុរសចិត្តភ្លើងដែលដុតផ្ទះខ្លួនឯងចោលនោះ មានឈ្មោះលាញ់ ម៉ាប់ មានលំនៅ ភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ប្រភេទវេអង នៅផ្ទះកើតហេតុ។ ពេលចុះបង្ក្រាបនោះ មានសមត្ថកិច្ចចម្រុះចូលរួម ដូចជាមន្ត្រីកងរាជអាវុធហត្ថស្រុក កម្លាំងជំនាញរដ្ឋបាលព្រៃឈើ

ស្រុកជាំក្សាន្ត និងកម្លាំងយោធាកងពលលេខ៩ និងបានចុះបង្ក្រាបរថយន្តដឹកឈើនោះ មានឈើប្រភេទគ្រឿងផ្ទះដែលមានឈើចាស់លាយជាមួយឈើថ្មី ដំដែកគោលត្រាំទឹក។

ប្រភពដដែល បន្តថា ពេលសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការនោះ ស្រាប់តែគេឃើញបុរសជាម្ចាស់ផ្ទះ បានស្រែកឡូឡា រារាំងមិនចង់ឱ្យសមត្ថកិច្ចចាប់យកឈើរបស់ខ្លួននោះទេ លុះក្រោយមក ក៏យកសាំង ១ប៊ីដុង ដុតផ្ទះខ្លួនឯងចោល បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង និងធ្វើផ្ទះឈើនោះត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមិនអាចស្រោចស្រង់បានឡើយ ដោយសារការឆាបឆេះលឿនពេក ទីបំផុត ផ្ទះ ១ខ្នង ត្រូវក្លាយជាចំណីភ្លើង ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបុរសជាម្ចាស់ផ្ទះដែលដុតផ្ទះខ្លួនឯង នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES