ភ្នំពេញ៖អតីតអ្នកនិពន្ធនិងដឹកនាំសម្ដែងរបស់ផលិតកម្មរស្មីហង្សមាសដល់ទៅ២រូបគឺលោកខាំ ភូរិ ជាកូនរបស់លោកខាំ ភឿន អតីតអភិបាលខេត្តក្រចេះដែលបានទទួលមរណភាពគ្រោះថ្នាក់ចរាចរណ៍គូឲ្យរន្ធត់កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១២ និងលោកសុខ ជំនោរ ធ្លាប់ជាអ្នកនិពន្ធ និងដឹកនាំខារ៉ាអូខេនៅហង្សមាស និងកាន់តួនាទីអ្នកគ្រប់គ្រងផលិតកម្មPleng Record នោះត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងស្ដីទីរបស់Galaxy ជំនួសលោកយឹម តាស្រង់ ដែលបានចាកចេញដែលការផ្ដល់តំណែងថ្មីនេះប្រកាសឡើងដោយលោកឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្មកាលពីទីថ្ងៃ២៧ខែឧសភាឆ្នាំ២០២២ ។ជាមួយគ្នានេះដែរបើតាមថៅកែផលិតកម្មថ្មីដែលហ៊ានចាយលុយធំរូបនោះបានអះអាងដែរថាអ្នកស្រីយឹម សុជាតា ក៍ត្រូវបានទទួលតំណែងខាងលើនិងជាទីប្រឹក្សាររបស់ផលិតកម្មមួយនេះដែរ។គេនៅមិនទាន់ដឹងពីមូលហេតុនៃការដើរចេញរបស់លោកយឹម តាស្រង់ ពីផលិតកម្មGalaxy ទាំងដែលកុងត្រារបស់លោកមិនទាន់ផុតសុពលភាពនេះឡើយ ខណៈដែលទាំងលោកតាស្រង់ និងលោកឧកញ៉ាណាវ៉ាត្រា បាននិយាយសរសើរគ្នាទៅវិញទៅមកនិងសន្យាថានៅតែមានទំនាក់ទំនងការងារសិល្បៈជាមួយគ្នាជាបន្ដទៅទៀត។យ៉ាងណាអតីតពលករមកពីកូរ៉េដែលមានបងប្អូន៣នាក់ហើយឡើងងារជាឧកញ៉ាទាំងអស់ក្នុងពេលតែមួយនោះទទួលស្គាល់ថាGalaxy មានឈ្មោះបោះសម្លេងដោយសារតែមានលោកតាស្រង់ ម្នាក់ជាស្ថាបនិកក្នុងចំណោមអ្នកជាច្រើនទៀតរបស់ផលិតកម្មនេះដែរ តែលោកបង្ហើបថាអតីតអ្នកគ្រប់គ្រងរបស់លោកទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួនទើបការចាកចេញនេះទាំងមិនដាច់អាល័យ។ប៉ុន្ដែលោកថាគ្មានការជួបជុំណាដែលថាមិនបែកនោះទេ តែលោកចាត់ទុកថាទោះជាបែកគ្នាយ៉ាងណាក៍ដោយក៍បេះដូងរបស់លោកនិងអតីតកូនចៅគឺនៅជាមួយគ្នាជានិច្ច។

សូមបញ្ជាក់ថាលោកខាំ ភូរិ ធ្លាប់រៀនសូត្រពីជំនាញដឹកនាំសម្ដែងពីលោកម៉ៅ អាយុទ្ធ ជាច្រើនឆ្នាំហើយក្រោយចាកចេញពីហង្សមាសលោកបានងាកមកផលិតស្ពតពាណិជ្ជកម្ម និងរឿងភាគមួយចំនួនឲ្យហង្សមាសក្នុងនោះមានដូចជារឿង”សិសិរដូវ ក្នុងបេះដូង”ជាដើម។លោកភូរិ ត្រូវបានគេទទួលស្គាល់ថាលោកមានទេពកោសល្យនៃការដឹកនាំសម្ដែងក្នុងចំណោមអ្នកខ្លាំងម្នាក់នាពេលសព្វថ្ងៃហេតុនេះហើយការទៅដល់Galaxy នឹងធ្វើឲ្យលោកកាន់តែមានឱកាសបានបញ្ចេញនូវស្នាដៃថ្មីៗថែមទៀត។

លោកខាំ ភូរិ បានបញ្ចេញសារនៅលើហ្វេសបុករបស់លោកថា”អរគុណឧកញ៉ា ផ្ដល់តម្លៃឲ្យមនុស្សចាស់ ហួសដឺឡេម្នាក់នេះ”។

ដោយឡែកសម្រាប់លោកសុខ ជំនោរ វិញលោកត្រូវបានទស្សនិកជនសរសើរនិងគាំទ្រនូវស្នាដៃជាច្រើនរបស់លោកនៅហង្សមាសពិសេសគឺការនិពន្ធបទចម្រៀងជាច្រើនបទឲ្យលោកព្រាប សុវត្ថិ ច្រៀងនាពេលកន្លងមក។លោកជំនោរ ក៍មិនខុសពីលោកភូរិ ដែរពោលគឺបន្ទាប់ពីចេញពីហង្សមាសលោកបានដឹកនាំការផលិតស្ពត ,ភាពយន្ដខ្លីៗ និងបច្ចុប្បន្នលោកធ្វើការខាងនិពន្ធបទចម្រៀងឲ្យក្រសួងដ៍ធំមួយទៀតផង។ការទៅដល់Galaxy របស់លោកជំនោរ នាពេលនេះប្រាកដណាស់ថាលោកនឹងបានរួមការងារសារជាថ្មីជាមួយលោកព្រាប សុវត្ថិ ហេតុនេះហើយអតីតគូស្នេហ៍របស់សុគន្ធ និសា រូបនេះមានពេលច្រើនក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន។

ចំណែកលោកយឹម តាស្រង់ អតីតអ្នកគ្រប់គ្រងGalaxy វិញលោកត្រូវបានគេចាត់ទុកថាជាអ្នកនិពន្ធម្នាក់ដែលមានថ្វីដៃមិនធម្មតាឡើយ ព្រោះធ្លាប់បានសរសេរបទចម្រៀងឲ្យតារាល្បីៗជាច្រើនដួងមកហើយច្រៀងមានឈ្មោះបោះសម្លេងដល់បច្ចុប្បន្នក្រោយពីលោកធ្លាប់ធ្វើការនៅសាន់ដេ,M និងថោន ជាដើមនាពេលកន្លងមក។យ៉ាងណាគេរងចាំមើលថាតើតាស្រង់ នឹងទៅបង្កើតផលិតកម្មផ្ទាល់ខ្លួនឬមួយក៍លោកអាចលេចមុខជាថ្មីនៅផលិតកម្មណាផ្សេងមួយទៀត?

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកខាំ ភូរិ,សុខ ជំនោរ និងយឹម តាស្រង់ នៅថ្ងៃទី២៨ខែឧសភា តែទូរស័ព្ទចូលអ្នកទាំង៣មិនលើកដូចគ្នាទើបមិនទាន់អាចសុំការបំភ្លឺពីអ្នកដែលត្រូវចាកចេញនិងអ្នកដែលមកជំនួសតំណែងខាងលើបានឡើយ៕