ភ្នំពេញ៖តន់ ច័ន្ទសីម៉ា បានឡើងកូដកេរ្ដិ៍ឈ្មោះបោះពួយទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរក្រោយឈជើងនៅGalaxy ត្រឹមតែរយៈពេលខ្លីទើបធ្វើឲ្យតារាដែលមានគីឡូប្រហាក់ប្រហែលគ្នាពិបាកទបទល់ស្រីស្រស់តូចច្រឡឹងរូបនេះ ហើយបទចម្រៀងល្បីៗរបស់នាងស្ទើគ្រប់បទទាំងអស់ភាគច្រើនគឺលោកយឹម តាស្រង់ ជាអ្នកនិពន្ធឲ្យនាងច្រៀងយ៉ាងសម្រិតសម្រាំងខ្លាំងណាស់។ប៉ុន្ដែកាលពីថ្ងៃទី២៧ខែឧសភា អតីតអ្នកគ្រប់គ្រងGalaxy លោកតាស្រង់ បាយបាយផលិតកម្មនេះទៅហើយទើបធ្វើឲ្យវាសនារបស់តន់ ច័ន្ទសីម៉ា កំពុងឈាននៅតំណាក់កាលស្រពិចស្រពិលខ្លាំងថានាងនឹងអាចនាំមុខគេនៅផលិតកម្មមួយនេះតទៅទៀត ឬមួយក៍អ្នកគ្រប់គ្រងថ្មីលើកតារាផ្សេង?

នៅលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនតន់ ច័ន្ទសីម៉ា មិននិយាយអ្វីទាំងអស់ពាក់ព័ន្ធជាមួយលោកយឹម តាស្រង់ ប៉ុន្ដែការចាកចេញរបស់អ្នកនិពន្ធនិងគ្រប់គ្រងផលិតកម្មមួយនេះច្បាស់ណាស់ថាតារាចម្រៀងដែលមានការប្រជែងទីផ្សារជាមួយនាងច័ន្ទសីម៉ា មួយចំនួននឹងរីករាយជាក់ជាមិនខាន ព្រោះថាអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវ រូបនេះអាចនឹងរងារបន្ដិចដោយសារនាងហាក់ដូចជាបាត់ដៃស្ដាំម្ខាងអីចឹង។ប៉ុន្ដែប្រសិនបើអ្នកដឹកនាំGalaxy ថ្មីនៅតែឲ្យច័ន្ទសីម៉ា ចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងខេម ដូចមុនដដែលនោះច្បាស់ណាស់ថាសីម៉ា នឹងនៅតែមានយ៊ីអ៊ុនល្អដូចមុនជាមិនខាន។

សូមរំលឹកថាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងតន់ ច័ន្ទសីម៉ា ដែលធ្លាប់តស៊ូច្រៀងនាពេលរាត្រីនៅហាងមួយបានត្រឹមតែជាង១០ដុល្លារក្នុង១យប់ហើយនាងធ្លាប់រស់នៅបន្ទប់ជួលម្ដុំស្ដុបDN ១ខែ៦០ដុល្លារនោះបានផ្លាស់ប្ដូរគ្រប់បែបយ៉ាងទាំងអស់នារយៈពេលចុងក្រោយនេះព្រោះនាងមានជីវភាពធូធារមានផ្ទះនិងរថយន្ដទំនើបផ្ទាល់ខ្លួនជិះយ៉ាងកាលីពហើយលោកតាស្រង់ ធ្លាប់អះអាងថាសីម៉ា ជាតារាលំដាប់Grade A ច្រៀងConcerts ធំ១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារឯណ្ណោះ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាការដែលសីម៉ា ឡើងលឿនបែបនេះដោយសារតែនាងមានឱកាសបានច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ។ដោយឡែកទាក់ទងរឿងស្នេហាវិញច័ន្ទសីម៉ា ដែលមានរូបសម្រស់កាន់តែទាក់ទាញក្រោយនាងបានកែច្រមុះ និងចាក់ចង្ការជាអក្សរV នោះធ្លាប់មានព័តមានថានាងត្រូវបានពោះម៉ាយម្នាក់តាមស្នេហ៍ តែថ្មីៗនេះសីម៉ា បែជាថ្ងូរឈឺក្បាលខ្លាំងព្រោះទោះជានាងនិយាយប្រាប់គេថាអត់សង្សារយ៉ាងណាក៍គ្មានអ្នកណាម្នាក់ជឿលើនាងឡើយ៕

