ភ្នំពេញ ៖ ទីតាំងឃ្លាំងរំលាយថង់ប្លាស្ទិកដ៏ធំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតទាំងស្រុង ដោយមូលហេតុត្រូវបានសមត្ថកិច្ចជំនាញអះអាងថា បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចទីតាំងឃ្លាំងរំលាយថង់ប្លាស្ទិក ដ៏ធំមួយកន្លែង តាមបណ្តោយផ្លូវលេខ៣៧១ ក្បែរស្ពានដែកចម្ការដូង ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ឃ្លាំងរំលាយថង់ប្លាស្ទិក ដែលទទួលរងការឆាបឆេះ ជាប្រភេទឃ្លាំងប្រក់ដំបូលសង្ក័សី ដោយមានទំហំ ២៥ម៉ែត្រ គុណ៣០ម៉ែត្រ និងមានម្ចាស់ឈ្មោះហេង ភាជ ភេទប្រុស អាយុ៥៣ឆ្នាំ។

តាមសម្តីបុរសជាម្ចាស់ទីតាំងឃ្លាំងខាងលើ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ក្រុមកម្មករ មិនមាននរណាម្នាក់នៅប្រចាំការនោះទេ គឺគាត់បានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-

សង្កាត់ អស់ហើយ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែឮសូរសំឡេងផ្ទុះចេញពីម៉ាស៊ីនកិនជ័រមួយគ្រឿង បង្កឲ្យនជាអណ្តាតភ្លើងឆាបឆេះគ្រឿងជ័រ និងថង់ប្លាស្ទិកដែលមានស្រាប់ក្នុងទីតាំង ធ្វើឱ្យមានផ្សែងហុយខ្មួលខ្មាញ់ឡើងតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ គាត់ក៏បានស្ទុះរត់ទៅបិទឌីសង់ទ័រភ្លើងតូចធំទាំងអស់ នៅក្នុងឃ្លាំងភ្លាម រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជាបន្ទាន់។ បន្ទាប់មកក៏ឃើញកម្លាំងចម្រុះ រួមមាននគរបាល និងកម្លាំងកង

រាជអាវុធហត្ថ បានចុះមកដល់ និងបញ្ជូនរថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ។

ក្រោយការអន្តរាគមន៍បា៍ញ់ទឹកពន្លត់ អស់រយៈពេលប្រមាណ ១ម៉ោងរួចមក ភ្លើងក៏បានរលត់ទៅវិញទាំងស្រុង ហើយបើតាមការអះអាងពីម្ចាស់ទីតាំងខាងលើ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមាន

ការខូចខាត ម៉ាស៊ីនកិនជ័រ ១គ្រឿង ម៉ូទ័រធំ ១គ្រឿង និងគ្រឿងជ័រ ព្រមទាំងថង់ប្លាស្ទិកក្នុងឃ្លាំង ប្រមាណ៧០ភាគរយ តែយ៉ាងណា អគ្គិភ័យនេះ មិនឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងនោះឡើយ ។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១៧គ្រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ-ពន្លត់អគ្គីភ័យនិងសង្គ្រោះ

ចំនួន១៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់របស់ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ផងដែរ។ ចំណែកមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕