Monday, February 24, 2025
Homeសន្ដិសុខសង្គមនាំកូនមកលេងស្រុក ឡានបុកស្លាប់១

នាំកូនមកលេងស្រុក ឡានបុកស្លាប់១

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស ២នាក់ បានរួមដំណើរជាមួយក្រុមគ្រួសារ មកពីភ្នំពេញ មកលេងសាច់ញាតិនៅខេត្តបន្ទាយមានជ័យ រួចក៏នាំគ្នាជិះម៉ូតូដឹកគ្នាដើរលេង ស្រាប់តែអកុសល ត្រូវរថយន្តកុងតឺន័រ ១គ្រឿងបើកបុក ហើយកិនពីក្រោយ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅមុខផ្សារទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះសាន សាំងជូ អាយុ១៧ឆ្នាំ (ជាអ្នកបើកម៉ូតូ)។ ចំណែកក្មេងប្រុសដែលរួមដំណើរ និងរងរបួសធ្ងន់ មានឈ្មោះវ៉ាន់ សុខណា អាយុ១១ឆ្នាំ។ ក្មេងប្រុសរងគ្រោះទាំង២នាក់ មានលំនៅឯរាជធានីភ្នំពេញ និងបានមកលេងខេត្តបន្ទាយមានជ័យ ជាមួយក្រុមគ្រួសារ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុស ២នាក់ ខាងលើ បានជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-2427 ធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើត មកលិច។ លុះជិះដល់ចំណុចកើតហេតុ បានបើកគេចរថយន្ត១គ្រឿង ចតមុខផ្សារទឹកថ្លាខាងលិច ក៏ត្រូវរថយន្តធុនធំដឹកកុងតឺន័រ បើកពីក្រោយ ក្នុងល្បឿនលឿន ជ្រុលមកបុក ហើយកិន បណ្តាលក្មេងប្រុសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុ រថយន្តបង្កហេតុបានព្យាយាមបើករត់គេច តែត្រូវបានអ្នករត់ម៉ូតូឌុប បើកដេញតាម រហូតដល់ចាប់បាននៅចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

បន្ទាប់មក មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងក្រុង បានចុះអន្តរាគមន៍ ចាត់បញ្ជូនក្មេងប្រុសដែលរបួសធ្ងន់ ទៅកាន់មន្ទីពេទ្យភ្លាមៗ និងសម្រួលចរាចរណ៍មិនឱ្យកកស្ទះ ហើយធ្វើការពិនិត្យនិងវាស់វែងទីតាំងកើតហេតុ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីគ្រោះចរាចរណ៍នេះ បង្កឡើងដោយរថយន្តធុនធំដឹកកុងតឺន័រ បើកបរគ្មានការប្រុងប្រយ័ត្ន បណ្តាលបុកនិងកិនក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតរបួសធ្ងន់ ។

បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញ បានអូសយករថយន្តបង្កហេតុ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយគ្នាតាមច្បាប់។

នៅអំឡុងពេលកើតហេតុនោះ គេឃើញមានសាច់ញាតិក្មេងប្រុសរងគ្រោះ បានមកដល់ ឱបសពក្មេងប្រុសទ្រហោយំ រៀបរាប់ប្រាប់ថា ក្មេងប្រុសដែលរងគ្រោះថ្នាក់ស្លាប់ ឈ្មោះ សាន សាំងជូ នេះ រស់នៅភ្នំពេញ មកលេងសាច់ញាតិនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននាំគ្នាជិះម៉ូតូដើរលេង ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តបុកស្លាប់បែបនេះតែម្តង។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES