ខេត្តព្រះសីហនុ ៖ ក្មេងស្រីជំទង់ ជាកូនភ្លោះ ២នាក់ បានជិះម៉ូតូដឹកគ្នាតាមផ្លូវ រួចក៏ជ្រូលទៅបុកជាមួយនឹងរថយន្តកុងតឺន័រ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨- ១៧៩ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។

យុវតីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះប៉ាក់ ស្រីធំ អាយុ១៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រទឹកសុទ្ធ។ ចំណែកយុវតីដែលរងរបួសធ្ងន់ មានឈ្មោះប៉ាក់ ស្រីតូចំ អាយុ១៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រទឹកសុទ្ធ។ យុវតីទាំង ២នាក់ ត្រូវជាបងប្អូនភ្លោះនឹងគ្នា និងមានលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J -6270 បើកបរដោយឈ្មោះប៉ាក់ ស្រីតូច (រងរបួសធ្ងន់) និងរួមដំណើរដោយឈ្មោះប៉ាក់ ស្រីធំ (ស្លាប់) ធ្វើដំណើរក្នុងទិសដៅចេញពីផ្លូវសម្តចព្រះសង្ឃរាជទេពវង្ស លុះ

មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុករថយន្តកុងតឺន័រ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0934 បើកបរលើផ្លូវជាតិលេខ៤ ក្នុងទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ ដោយភាគីខាងម៉ូត បុកប៉ះចំហៀងខាងស្តាំរថយន្តតែម្តង បណ្តាលឱ្យឈ្មោះប៉ាក់ ស្រីធំ ជាអ្នករួមដំណើរលើម៉ូតូ ស្លាប់នៅមន្ទីរពេទ្យ ចំណែកឈ្មោះ ប៉ាក់ ស្រីតូច ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕