ភ្នំពេញ ៖ សិស្សសាលាជម្ពូវ័ន ១ក្រុម មានគ្នាប្រមាណ ១០នាក់ ជិះម៉ូតូ ៥គ្រឿង បាននាំគ្នាចូលទៅអង្គុយផឹកកាហ្វេ នៅក្នុងហាង ១កន្លែង ស្រាប់តែបន្តិចក្រោយមក លេចមុខក្រុមក្មេងទំនើង ១ក្រុម ប្រដាប់ដោយកាំបិត ពូថៅ
និងដាវ បានធ្វើសកម្មភាពកាប់កម្ទេចម៉ូតូសិស្សសាលាដែលចតនៅខាងមុខហាងកាហ្វេ បណ្តាលឱ្យរងការខូចខាតចំនួន ៥គ្រឿង ហើយនាំគ្នាគេចខ្លួនបាត់អស់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន ៥គ្រឿង មកអង្គុយផឹកកាហ្វេ នៅក្នុងហាងមួយកន្លែង ត្រង់ចំណុចទីតាំងកើតហេតុខាងលើ។ លុះមួយសន្ទុះក្រោយមក
ស្រាប់តែលេចមុខជនបង្ក ១ក្រុម ប្រដាប់ដោយកាំបិត និងដាវ បានមកធ្វើសកម្មភាពកាប់ ទៅលើម៉ូតូសិស្សសាលាទាំងនោះ បណ្តាលឱ្យរងការខូចខាតចំនួន៥គ្រឿង ដោយមិនដឹងមូលហេតុ។
បន្ទាប់ពីព្រួតកាប់ម៉ូតូ បញ្ចេញកំហឹងរួចហើយ ក្រុមក្មេងទំនើងជាជនដៃដល់ បាននាំគ្នាគេចខ្លួនបាត់អស់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីរង់ចាំស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕