ខេត្តបាត់ដំបង ៖ បុរស២នាក់ សុទ្ធសឹងតែជាមន្ត្រីយោធាដូចគ្នា និងមានព្រំដីចម្ការជាប់គ្នា បានកើតមានជម្លោះតឹងសរសៃកដាក់គ្នា ពីរឿងព្រំដី រហូតក្លាយជាការប្រតាយប្រតប់ ស្រាប់តែភាគីម្ខាងបានដកកាំភ្លើងខ្លី បាញ់ប្រហារគូទំនាស់ ចំនួន២គ្រាប់ ចំជើង និងធ្លាយពោះ រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្គ្រោះភ្លាមៗ។
ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភ្នំព្រ័ត្រ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត។
ជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធាមួយរូប ឈ្មោះគឹម សុខា ហៅ០៧ ជានាយរងការិយាល័យទី២ នៃកងពលតូចលេខ៥២។ ចំណែកជនរងគ្រោះ ក៏ជាមន្ត្រីយោធាដូចគ្នា ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះនិងឋានៈរបស់ជនរងគ្រោះនោះនៅឡើយ។
លោកវរសេនីយ៍ឯក ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ថា សមត្ថកិច្ចជំនាញរបស់លោក កំពុងពន្លឿនការស្រាវជ្រាវករណីមន្ត្រីយោធាម្នាក់ បាញ់មន្ត្រីយោធាម្នាក់ទៀត ឱ្យរបួសធ្ងន់ ដោយសារទំនាស់ពាក្យសំដីរឿងព្រំដីចម្ការនេះហើយ។
លោកអធិការ បានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភ្នំព្រ័ត្រ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ហើយពេលនេះ លោកកំពុងដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដែលជាតំបន់ព្រៃ និងចម្ការ រួមទាំងកន្លែងក្បែរគ្នា ព្រោះលក្ខណៈភូមិសាស្ត្រស្មុគស្មាញ ជាប់ព្រំដែនស្រុកផ្សេងមួយទៀត។
តាមប្រភពពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា ឈ្មោះ គឹម សុខា ហៅ០៧ ជានាយរងការិយាល័យទី២ នៃកងពលតូចលេខ៥២។ ចំណែកជនរងគ្រោះ ក៏ជាមន្ត្រីយោធា់ដែរ ប៉ុន្តែមិនទាន់បានស្គាល់ឈ្មោះ និងឋានៈ របស់ជនរងគ្រោះនៅឡើយ។
ប្រភពដដែល បានបន្តថា ករណីផ្ទុះអាវុធនេះ ផ្តើមឡើងដោយសារទំនាស់ពាក្យសម្តី ក្នុងរឿងដីធ្លីមួយកន្លែង ឋិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃកើតហេតុ ក្រោយឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នា រឿងព្រំដីចម្ការ មួយសន្ទុះ ជនដៃដល់ឈ្មោះគឹម សុខា ហៅ០៧ បានទាញកាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះ ដែលជាមន្ត្រីយោធាដែរ ចំនួន ២គ្រាប់ បណ្តាលឱ្យរបួសជើង និងធ្លាយពោះតែម្តង៕