Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានរៀបចំអភិរក្សនិងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទីតាំងប្រវត្តិសាស្ត្រទុំទាវ ត្រូវបានរៀបចំអភិរក្សនិងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ខេត្តត្បូងឃ្មុំ ៖ លោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ ប្រារព្ធពិធីក្រុងពលី បញ្ចុះបឋមសិលា សាងសង់អាស្រមអ្នកតាក្រហមក និងរបងហ៊ុមព័ទ្ធជុំវិញទីតាំងប្រវត្តិសាស្ត្រទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា។

ក្នុងឱកាសនោះ លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថា កន្លងមក ទីតាំងនេះ យើងមិនទាន់បានរៀបចំឲ្យមានសោភណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរមួយចំនួន មិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់

ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះ ត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្ត នឹងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំ-ទាវ ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ លោកអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ការអភិរក្ស ជាប្រការចាំបាច់ ស្របជាមួយនឹងការអភិវឌ្ឍន៍ គឺជារឿងដែលយើងមិនអាចខ្វះបាន។ លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវរួមគ្នាអភិរក្ស និងសហការគ្នាសិក្សាស្រាវជ្រាវ រៀបចំអភិវឌ្ឍន៍ទីតាំងប្រវត្តិសាស្រ្តមួយនេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វែងយល់។

បើតាមលោក កួ ហុក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសល្បៈខេត្តត្បូងឃ្មុំ បានឲ្យថា សព្វថ្ងៃនេះ «ទួលទុំទាវ» មានទីតាំងស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់វៀវ ស្រុកត្បូងឃ្មុំ ដែលភ្ជាប់ទៅនឹងសាច់រឿង«ទុំទាវ» ថាមានទីកន្លែងពិត។ យោងតាមសំដីអ្នកស្រុក បាននិយាយតៗគ្នាថា ដើមពោធិ៍ «ទុំ» នៅម្ខាងផ្លូវជាតិលេខ៧ និងដើមពោធិ៍ «ទាវ» នៅទល់មុខគ្នា ចម្ងាយប្រហែល ៤០០ម៉ែត្រ។ បច្ចុប្បន្ននេះ ដើមពោធិ៍ «ទុំ» ដែលគេយកទុំ ទៅសម្លាប់ ត្រូវបានអ្នកស្រុកធ្វើខ្ទមមួយនៅខាងក្រោម និងមានរូបសំណាករូបអ្នកតានៅក្នុងនោះ ហើយក៏ដាក់ឈ្មោះថា «ទួលអ្នកតាក្រហមក»។ ចំណែកឯដើមពោធិ៍ «ទាវ» គេបានសង់ខ្ទមមួយ ដោយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវ ដ៏ធំមួយដែលគេឲ្យឈ្មោះថា ដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្ត រៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ចង់ឃើញនិងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ រួមទាំងបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕ ខៀវទុំ

RELATED ARTICLES