ភ្នំពេញ៖បើគ្មានអ្វីប្រែប្រួលទេតារាចម្រៀងកូនកាត់ចិននាងអ៊ីវ៉ា នឹងត្រូវជម្រាបលាភាពនៅលីវនៅឆ្នាំ២០២៣ ខាងមុខនេះហើយ ព្រោះនាងចង់រៀបការនៅអាយុ៣០ឆ្នាំ។ប៉ុន្ដែអនាគតស្វាមីមានមុខមាត់យ៉ាងណានោះមិនទាន់ត្រូវបានស្រីនាថ បញ្ចេញឲ្យគេស្គាល់នោះទេ គ្រាន់តែនាងបង្ហើបថាគូស្នេហ៍នាងជាអ្នកនៅក្នុងវិស័យកីឡារ។ការត្រៀមគ្រងឈុតកូនក្រមុំមែនទែនរបស់អ៊ីវ៉ា នារយៈពេលជាង៦ខែទៀតនេះច្បាស់ណាស់ថាការទន្ទឹងរងចាំរបស់លោកអ៊ូ វ៉ាវ នឹងមកដល់ព្រោះលោកចង់ឲ្យស្រីនាថ បញ្ចប់ភាពគ្មានគូស្រករឲ្យបានឆាប់កាន់តែល្អដោយលោកយល់ថាមនុស្សយើងបើពន្យាពេលយកគ្រួសារកាន់តែយូខាតពេលកាន់តែច្រើនគឺអត់ប្រយោជន៍តែម្ដង។តាមពិតលោកវ៉ាវ ហៅចន្ថា ចង់ឲ្យស្រីនាថ រៀបការតាំងពីមុនឆ្នាំ២០២៣ ម្លេះដោយលោកយល់ថាទោះជាកូនមានប្ដីក៍មិនប៉ៈពាល់ដល់អាជីពចម្រៀងរបស់នាងដែរព្រោះថាទស្សនិកជនគាំទ្រទៅលើសម្ថភាពតារាមិនមែនគេលែងស្រលាញ់ពេលមានប្ដីឬកូននោះទេ។ប៉ុន្ដែអ៊ីវ៉ា ផ្ទាល់យល់ថាមនុស្សស្រីមានវ័យ៣០ឆ្នាំគឺមិនចាស់ ឬក្មេងពេកពោលគឺដល់វេលាដែលត្រូវមានគ្រួសារហើយទើបនាងត្រូវតាំងចិត្តថាអាយុប៉ុណ្ណោះគឺជាវេលាល្អសម្រាប់នាងដែលត្រូវរៀបការ។

ថ្វីត្បិតតែអ៊ីវ៉ា មិនដែលបង្ហាញមុខគូស្នេហ៍ជាចំហម្ដងណាក្ដី តែតាមព័តមានថាបុរសដែលនឹងក្លាយទៅជាអ្នកឃុំគ្រងបេះដូងនាងនោះគឺជាអ្នកជំនួញម្នាក់ហើយមានភាគហ៊ុននៅក្លឹបបាល់ទាត់មួយផងដែរ។គេជឿរថាពេលស្រីនាថ ហ៊ានកៀកកើយបុ្រសនោះជាសាធារណៈកាលណាប្រាកដជានឹងធ្វើឲ្យលោកវេហាសិ៍ ដែលគេសង្ស័យថាគូស្នេហ៍របស់អ៊ីវ៉ា នោះកាត់បន្ថយការបញ្ចេញភាពស្និតស្នាលជាមួយតារាសាច់សខ្ចីរូបនេះជាមិនខាន ព្រោះអ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងនាងនិងប្អូនមាស សាលី មានស្នេហាជាមួយគ្នានោះមិនអាចទៅរួចជាដាច់ខាត។

ក្រៅពីអ៊ីវ៉ា តារាដែលចង់រៀបការនៅអាយុ៣០ឆ្នាំមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន និងគង់ វង្សយ៉ាទី ជាដើម។មហាជនរងចាំមើលថាតើស្រីស្អាតទាំង៣ខាងលើនេះម្នាក់ណានឹងរៀបការប្ដីមុន?លោកវ៉ាវ ធ្លាប់ប្រាប់ដែរថាប្រសិនបើអ៊ីវ៉ា មានប្ដីនោះលោកលែងហត់នឿយជូនកូនទៅច្រៀងរាំតាមឆាកតន្រ្ដីទាំងឡាយទៀតហើយ ពោលគឺកូនប្រសារនឹងរ៉ាប់រងការងារទាំងនោះហើយលោកមានពេលសម្រាកបានច្រើន៕


