Thursday, November 28, 2024
Homeព័ត៌មានជាតិប្រពន្ធសុំលែង ប្តីចងកស្លាប់

ប្រពន្ធសុំលែង ប្តីចងកស្លាប់

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធមួយគូ ក្រោយពីរួមរស់មិនចុះសម្រុង ចេះតែកើតមានរឿងរកាំរកូសមិនឈប់ ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តសុំលែងលះ និងបានបែកចែកផ្លូវគ្នាដាច់ស្រេច អស់រយៈពេល ៣ខែមកហើយ លុះតាំងពីលែងលះប្រពន្ធរួចមក បុរសជាប្តីស្រាប់តែខូចចិត្ត តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនសូវនឹកនារឿងបាយទឹកសោះ រហូតចុងក្រោយ បានសម្រេចចិត្តរត់ទៅចងកសម្លាប់ខ្លួននៅលើដើមព្រីង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ ង៣០នាទីព្រឹក ថ្ងៃទី១១  ខែមិថុនា  ឆ្នាំ២០២២ នៅត្រង់ចំណុចដើមព្រីង ១ដើម ស្ថិតក្នុងភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង។

បុរសដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះព្រួញ ម៉េង  ភេទប្រុស  អាយុ៤០ឆ្នាំ  មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសចំណាស់ឈ្មោះផាន់ មឿន អាយុ៧០ឆ្នាំ  ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ទើបនឹងបានលែងលះគ្នាជាមួយប្រពន្ធ ប្រហែល ៣ខែមកហើយ មូលហេតុដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ឧស្សាហ៍កើតមានរឿងរ៉ាវរកាំរកូស និងជម្លោះជាប្រចាំ។

ប្រភពដដែល បន្តថា ក្រោយពីលែងលះគ្នាមក កូនប្រុសរបស់គាត់ ហាក់មិនទាន់ដាច់ចិត្តពីប្រពន្ធនោះទេ ទើបធ្វើឱ្យខូចចិត្តខ្លាំង តែងតែផឹកស្រាជាប្រចាំ រហូតដល់លែងនឹកនារឿងបាយទឹកទៀតផង។ ស្រាប់តែមកដល់វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលគាត់កំពុងដេកនៅក្នុងផ្ទះ កូនប្រុសនេះ ក៏បានដើរមកនិយាយប្រាប់គាត់ជាឪពុកថា គេមិនអាចរស់បានទេ មានរឿងច្រើនណាស់។ ឮបែបនេះ គាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយគ្រាន់តែប្រាប់ទៅកូនប្រុសវិញថា ដេកទៅ ចាំព្រឹកចាំដោះស្រាយគ្នា។

ស្រាប់តែមកដល់វេលាម៉ោង ៦និង៣០នាទី ថ្ងៃដដែល  ចៅរបស់គាត់បានរត់មកប្រាប់គាត់ថា ជនរងគ្រោះបានចងកនៅដើមព្រីង ស្លាប់បាត់ហើយ ទើបគាត់ប្រញាប់រត់ទៅមើល ក៏ឃើញថាកូនប្រុសគាត់ពិតជាចងកស្លាប់មែន រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយពីទទួលបានព័ត៌មាន  កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុមានវិបត្តិផ្លូវចិត្ត (លែងលះជាមួយប្រពន្ធ)។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES