Thursday, November 28, 2024
Homeព័ត៌មានជាតិប្តីវ៉ៃនឹងដំបងឈើជ្រុង ប្រពន្ធប្តឹងប៉ូលិសចាប់

ប្តីវ៉ៃនឹងដំបងឈើជ្រុង ប្រពន្ធប្តឹងប៉ូលិសចាប់

ខេត្តតាកែវ ៖ បុរសម្នាក់ តែងវាយធ្វើបានប្រពន្ធជាញឹកញាប់ លុះចុងក្រោយ បានវាយប្រពន្ធនឹងដំបងឈើជ្រុង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួស និងទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមច្បាប់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ជនសង្ស័យជាប្ដី ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ លៀង លីម  ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ញៀវ ធឿន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិខាងលើ។

តាមប្រភពសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជនសង្ស័យខាងលើ តែប្រើហិង្សាដោយចេតនាជាញឹកញាប់ មកលើគ្រួសារ ពិសេសប្រពន្ធរបស់ខ្លួន រហូតប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំច្រើនដងមកហើយ តែជនសង្ស័យនៅតែមិនកែខ្លួន រហូតចុងក្រោយ បានទាញដំបងឈើជ្រុងវាយស្ត្រីរងគ្រោះជាប្រពន្ធ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះថែមទៀត ទើបស្ត្រីជាប្រពន្ធបានប្តឹងសមត្ថកិច្ចឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់តែម្តង។

ប្រភពដដែល បន្តថា ដោយមានយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩និង១០នាទី លោកវរសេនីយ៍ទោ ហ៊ឹម ស្រ៊ុន អធិការស្តីទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីហិង្សាដោយចេតនា នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លៀង លីម មានលំនៅ ភូមិកើតហេតុខាងលើ  បានបង្កសកម្មភាពហិង្សាទៅលើស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ញៀវ ធឿន បណ្តាលឲ្យរងរបួសស្នាមដាច់រលាត់លើជង្គង់ខាងស្តាំ ចំនួន០១កន្លែង ដាច់រលាត់លើដើមទ្រូង ចំនួន០១កន្លែង ហើយបានយកដំបងរនុកគ្រែ ដេញវាយជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះរអិលជើងដួល រួចជនសង្ស័យបានទៅវាយជនរងគ្រោះ រួចហើយក៏បានទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនទៀត ។

ប្រភពដដែលបន្តទៀតថា​ ជនសង្ស័យខាងលើ តែងបង្កហិង្សាក្នុងគ្រួសារ ជាញឹកញាប់ណាស់ ហើយសមត្ថកិច្ចធ្លាប់​បាននាំខ្លួនយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំនួន២លើក រួចមកហើយ ប៉ុន្តែជនសង្ស័យពុំកែប្រែកំហុសរបស់ខ្លួនទេ នៅតែប្រព្រឹត្តដដែល ដោយជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ផងដែរ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

RELATED ARTICLES