Wednesday, November 27, 2024
Homeព័ត៌មានជាតិប្រពន្ធឈឺ ប្តីអត់នៅក្បែរមើលថែ ផឹកថ្នាំពុលស្លាប់

ប្រពន្ធឈឺ ប្តីអត់នៅក្បែរមើលថែ ផឹកថ្នាំពុលស្លាប់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីវ័យក្មេងម្នាក់ បានកើតមានអាការមិនស្រួលខ្លួនប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែបុរសជាប្តី មិនមានពេលវេលាមកមើលថែ ប្រពន្ធរបស់ខ្លួនសោះ ព្រោះតែរវល់ទៅជួយធ្វើស្រែបងប្អូន ស្រាប់តែស្ត្រីជាប្រពន្ធអាក់អន់ស្រពន់ចិត្តខ្លាំងពេក បែរជាបែកគំនិត ផឹកថ្នាំពុល ប្រភេទថ្នាំបាញ់ស្រូវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ផូនទៅដល់មន្ទីរពេទ្យ។

ករណីអត្តឃាត ប្រពន្ធខឹងប្តីអត់នៅមើលថែខ្លួនកំពុងមានជំងឺបែរជាតូចចិត្តគិតខ្លី ផឹកថ្នាំពុលសម្លាប់ខ្លួនខាងលើនេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន។

ស្ត្រីគិតខ្លីដែលផឹកថ្នាំពុលសម្លាប់ខ្លួន ខាងលើនេះ មានឈ្មោះសឿន សល់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន។ បច្ចុប្បន្នបានទៅស្នាក់នៅបណ្តោះអាសន្នផ្ទះរបស់ឈ្មោះខាត់ សល់ ភេទស្រី អាយុ៥៤ឆ្នាំ (ត្រូវជាអ៊ំ) ស្ថិតនៅ ភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន។

លោកវរៈសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានបញ្ផាក់ប្រាប់ថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានទទួលព័ត៌មានពីលោកមេភូមិព្រៃស្វាយ ឃុំបឹងខ្នារ ថាមានករណីធ្វើអត្តឃាត ដោយផឹកថ្នាំ បាញ់ស្រូវសម្លាប់សត្វល្អិត ដោយស្ត្រីរងគ្រោះឈ្មោះសឿន សល់ មានលំនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន តែបានមកស្នាក់នៅបណ្តោះ អាសន្នផ្ទះអ៊ំស្រីរបស់ខ្លួន នៅចំណុចភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្តថា តាមប្រភពីសាច់ញាតិ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បានកើតមានអាការៈមិនសូវស្រួលខ្លួនប៉ុន្មានថ្ងៃមកហើយ និងចង់ឱ្យបុរសជាប្តីនៅក្បែរ មើលថែខ្លួន ប៉ុន្តែដោយសារបុរសជាប្តីជាប់រវល់ ចេញទៅជួយធ្វើស្រែបងប្អូនរបស់គេ មិនមានពេលវេលានៅមើលថែ ជំងឺប្រពន្ធ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធ តូចចិត្តតូចថ្លើមយ៉ាងខ្លាំង រហូតដល់បែកគំនិតគិតខ្លីបែបនេះតែម្តង។

លោកអធិការ បញ្ផាក់ថា នៅមុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ចំណែកសាច់ញាតិ រវល់ចេញទៅធ្វើការងារ នៅខាងក្រៅផ្ទះ ស្រាប់តែស្ត្រីរងគ្រោះ ក៏បានទៅយកថ្នាំបាញ់ស្រូវសម្លាប់សត្វល្អិត ប្រភេទកញ្ចប់ពណ៌បៃតង មកហែក ចាក់កូរជាមួយទឹករួចផឹក បណ្តាលឱ្យពុលក្អួតបែកពពុះមាត់ លុះបន្តិចក្រោយមក សាច់ញាតិត្រឡប់មកដល់ផ្ទះវិញ ប្រទះឃើញអាការស្ត្រីរងគ្រោះមិនសូវស្រួល ក៏ប្រញាប់ ដឹកបញ្ផូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាកាន ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ស្ត្រីរងគ្រោះ ក៏បានបាត់បង់ជីវិតពេលដឹកបញ្ផូនទៅដល់ មន្ទីរពេទ្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ផាក់ថា នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញ ថ្នាំបាញ់ស្រូវ ប្រភេទកញ្ចក់ ម៉ាកសញ្ញា សេះសមុទ្រ៣ ១កញ្ចប់ ហែករួចជាស្រេច និងចាក់ប្រើអស់ទៅហើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះ ពិតជាបានធ្វើអត្តឃាត ផឹកថ្នាំពុល (បាញ់ស្រូវ) សម្លាប់ខ្លួនប្រាកដមែន។ មូលហេតុ ដោយសារតែស្ត្រីរងគ្រោះខឹងប្តីទៅជួយធ្វើស្រែបងប្អូន មិនមកជួយមើលថែខ្លួនពេលឈឺ។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន។/

RELATED ARTICLES