ខេត្តស្ទឹងត្រែង ៖ អ្នកនេសាទម្នាក់ បានចេញទៅនេសាទតាមដងទន្លេមេគង្ក ជាធម្មតា ស្រាប់តែនេសាទបានត្រីបបែលយក្សញី ១ក្បាល ដែលមានទម្ងន់រហូតដល់ ៣០០គីឡូក្រាម និងទទឹងដងខ្លួន ហូតដល់ទៅ ២២០សង់ទីម៉ែត្រ រួចក៏ប្រញាប់រាយការណ៍ទៅខាងជលផល និងមន្ត្រីជំនាញ ចុះមកពិនិត្យនិងដោះលែងចូលទៅក្នុងដងទន្លេមេគង្គ វិញ។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងដងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក។
លោកសំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទី បានបញ្ជាក់ឱ្យដឹងថា អ្នកនេសាទដែលនេសាទ បានត្រីបបែលយក្សនោះ មានឈ្មោះមូល ធន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក។ នៅមុនពេលកើតហេតុ បុរសខាងលើ បានចេញទៅ នេសាទត្រី ដូចសព្វមួយដងជាលក្ខណៈគ្រួសារ ស្រាប់តែចាប់បានត្រីបបែលយក្សទឹកសាប ១ក្បាលយ៉ាងធំ។ បន្ទាប់មកអ្នកនេសាទរូបនោះ ក៏បានរាយការណ៍ទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ ក៏បានរាយការណ៍បន្តមកខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមនិងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
បន្ទាប់ពីបានទទួលព័ត៌មាននេះហើយ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្ត បានចេញដំណើរទៅសហគមន៍ ដើម្បីពិនិត្យមើលនិងធ្វើការវាស់ថ្លឹង និងដាក់ស្លាកលេខសម្គាល់ រួចយកសំណាកធ្វើ DNA ដើម្បីលែងចូលទៅក្នុងទឹកទន្លេធម្មជាតិវិញ។
លោកសំ វិចិត្រ បន្តទៀតថា ក្រោយការពិនិត្យឃើញត្រីបំបែលយក្សនោះ រួចរាល់ហើយ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល រួមនិងក្រុមការងារ គម្រោងអច្ឆរិយ នៃទន្លេមេគង្គ បានធ្វើការវាស់ថ្លឹង និងកឹបស្លាកលេខ យកសំណាកធ្វើ DNA រួចក៏លែងត្រីបបែលយក្សនោះ ចូលទៅក្នុងទឹកសាបវិញ ឱ្យរស់នៅបែបធម្មជាតិ។
លោកសំ វិចិត្រ បានបញ្ជាក់ថា ត្រីបបែលយក្សខាងលើនេះ ភេទញី ទម្ងន់ ៣០០គីឡូក្រាម ពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៨សង់ទីម៉ែត្រ ចំណែកប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនរបស់ វាមានប្រវែង ២២០សង់ទីម៉ែត្រដូចគ្នា ហើយការលែងត្រីបបែលយក្សទឹកសាបនេះ គឺមានការចូលរួមពីមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃខណ្ឌរដ្ឋបាលជលផល នាយរងផ្នែករដ្ឋបាលជលផលស្រុកថាឡាបរិវ៉ាត់ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្រុមការងារគម្រោងអច្ឆរិយនៃទន្លេមេគង្គ អាជាធរ ឃុំកោះព្រះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះព្រះ និងសហគមន៍នេសាទភូមិកោះព្រះ។
លោកបញ្ជាក់បន្ថែមថា នេះជាត្រីបបែលយក្ស រស់នៅក្នុងដងទន្លេមេគង្គទឹកសាប លើកទី៣ហើយ ដែលប្រជានេសាទត្រីនេសាទបាន រួចក៏បានលែងឱ្យរស់នៅបែបធម្មជាតិវិញ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ទាំងមូល សូមចូលរួមអភិរក្សការពារត្រីមេពូជទាំងអស់គ្នា ព្រោះជាប្រភេទត្រីដ៏កម្រជិតផុតពូជទៅហើយ បើបងប្អូនយើងនេសាទបានដោយចៃដន្យ សូមរាយការណ៍មកមន្ត្រីជលផល ដើម្បីធ្វើការលែងវិញ។ ដូចប្រជានេសាទរស់នៅក្នុងស្រុកសៀមបូក ក្រោយនេសាទបានត្រីបបែលយក្ស ត្រូវបានលែងទៅវិញ គឺគ្មានទោសពៃរ៍អ្វីទេ។ ជាពិសេសសូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ និងឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ ព្រោះរដូវនេះ វាជារដូវបិទនេសាទផង ដើម្បីចៀសវាងប្រឈមមុខទៅតុលាការ៕