Wednesday, November 27, 2024
Homeព័ត៌មានជាតិមេម៉ាយលែងប្តីទី២ ភ្លើងឆេះផ្ទះហ្មត់

មេម៉ាយលែងប្តីទី២ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ មានប្តីដល់ទៅ ២នាក់ ប៉ុន្តែមិនសមប្រកបសោះ ប្តីទី១ រួមរស់បង្កើតបានកូនស្រីម្នាក់ ក៏បែកបាក់គ្នាវិញទៅ លុះក្រោយមក ទទួលបុរសម្នាក់ទៀតជាប្តីទី២ ជួបតែរឿងរកាំរកូស និងត្រូវប្តីវាយធ្វើបាបទាំងម្តាយទាំងកូន មិនស្វាង ទើបទ្រាំលែងបាន ក៏ឈានដល់ការលែងលះទើបនឹងបាន១ខែ ស្រាប់តែភ្លើងឆេះផ្ទះហ្មត់ ធ្វើឱ្យទាំង២នាក់ម្តាយកូន រស់នៅវេទនាតោកយ៉ាក គ្មានជម្រកស្នាក់នៅ។

ករណីអគ្គិភ័យឆេះផ្ទះស្ត្រីមេម៉ាយខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ស្ត្រីមេម៉ាយរងគ្រោះ មានឈ្មោះអ៊ុល ចិន្តា អាយុ៤៥ឆ្នាំ មានកូនស្រីម្នាក់ឈ្មោះឌន ឌីណា អាយុ១៥ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី៨ ក្រុមគ្រួសារនេះពុំមានសាច់ញាតិនោះទេ ពោលគឺនៅតែ២នាក់ម្តាយកូនប៉ុណ្ណោះ។

ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយកាលពីជាង២០ឆ្នាំមុន បន្ទាប់ពីបានប្តី គាត់ក៏ចេញមករស់នៅភូមិព្រៃខ្មែរ ស្រុករលាប្អៀរ។ ក្រោយមកគាត់បានបែកបាក់ជាមួយប្តីដើម ដោយមានកូនស្រីម្នាក់ ហើយបានមក យកប្តីក្រោយម្នាក់ទៀត រស់នៅក្នុងភូមិព្រៃមាន់។ ជាង ១ខែមុននេះ ដោយប្តីក្រោយចេះតែវាយធ្វើបាបគាត់និងកូនស្រីជាញឹកញាប់ពេក រាល់ពេលស្រវឹង ទើបគាត់ទ្រាំលែងបាន ក៏ឈានដល់ការលែងលះចែកផ្លូវគ្នាអស់ពេលប្រមាណជាងមួយខែហើយ។ ស្រាប់តែមកដល់យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលគាត់និងកូនស្រី មិននៅផ្ទះ ភ្លើងក៏បានឆេះផ្ទះរបស់គាត់អស់គ្មានសល់ ទាំងដែលមេឃកំពុងធ្លាក់ខ្លាំងទៀតផង ធ្វើឱ្យពួកគាត់ ២នាក់ម្តាយកូន រស់នៅវេទនា សូម្បីតែទីជម្រកក៏គ្មានផង។

លោកពៅ ថារិន មេភូមិព្រៃមាន់ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ថា ចំពោះករណីភ្លើងឆេះផ្ទះនៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នោះ គឺមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ក៏ពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ព្រោះថាក្នុងយប់នោះ ស្ត្រីនិងកូនជាម្ចាស់ផ្ទះ ពុំបានសម្រាកនៅក្នុងផ្ទះកើតហេតុនោះឡើយ គឺបានសម្រាកនៅផ្ទះជិតខាងក្នុងភូមិ។ ចំណែកការខូចខាត គឺឆេះសម្ភារៈទាំងអស់ក្នុងផ្ទះ ពោលគឺ២នាក់ម៉ែកូន នៅសល់តែខោអាវម្នាក់១ចង្កេះប៉ុណ្ណោះ។ ចំពោះករណីឆេះផ្ទះនេះ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដែលអាចនឹងទទួលលទ្ធផលក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រោយពេលកើតហេតុនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២២ ក៏មានសប្បុរសជនជាច្រើនក្រុម បាននាំយកស្បៀងអាហារ និងថវិកាមួយចំនួន ផ្តល់ជូនស្ត្រីរងគ្រោះផងដែរ ក្នុងនោះរួមមាន លោកឧត្តមសេនីយ៍ អ៊ុំ សុភា មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង ឧបត្ថម្ភថវិកា ៥ម៉ឺនរៀល និងស្បៀងអាហារមួយចំនួន។ កាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ ឧបត្ថម្ភស្បៀងអាហារមួយចំនួន លោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បាន ឧបត្ថម្ភថវិកា ៣២ម៉ឺនរៀល និងស្បៀងអាហារមួយចំនួន។ សប្បុរសជនតាមរយៈក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភកង់ ២គ្រឿង ដី ២ឡាន សម្រាប់ចាក់ធ្វើផ្លូវចូលផ្ទះ និងថវិកាមួយចំនួន។

ដោយឡែក លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភថវិកា ១លានរៀល តាមរយៈក្រុមអ្នក សារព័ត៌មានខេត្តកំពង់ឆ្នាំង ផ្តល់ឱ្យលោកមេភូមិ បូករួមថវិការបស់សប្បុរស ជនមួយចំនួនទៀត ដើម្បីកសាងផ្ទះថ្មី ១ខ្នង ជូនស្ត្រីរងគ្រោះ បានរស់នៅឡើងវិញ។

លោកមេភូមិព្រៃមាន់ រួមនិងប្រជាពលរដ្ឋ ពិសេសជនរងគ្រោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់នូវអំណោយមនុស្សធម៌ខាងលើនេះ ដល់ជនរងគ្រោះ ដើម្បីដោះស្រាយទុក្ខលំបាក៕

RELATED ARTICLES