Wednesday, November 27, 2024
Homeព័ត៌មានជាតិគូស្នេហ៍ចេញពីក្លឹប ឡានបុកស្លាប់ទាំង២

គូស្នេហ៍ចេញពីក្លឹប ឡានបុកស្លាប់ទាំង២

ភ្នំពេញ ៖ យុវជនម្នាក់ បាននាំសង្សាររបស់ខ្លួនចូលក្លឹបរាត្រីមួយកន្លែង លុះចេញមកវិញ ជិះម៉ូតូដឹកគ្នា​ឆ្លងផ្លូវ​ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទំនិញធុនធំ ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុក​ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យដួលម៉ូតូ ខ្ទាតជនរងគ្រោះទាំង ២នាក់ទៅលើផ្លូវ និងត្រូវរថយន្តកិនពីលើ​ស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ ចំណែករថយន្តបង្កហេតុ បានព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាគូស្នេហ៍ដែលត្រូវរថយន្តបុក និងកិនស្លាប់ ទី១-ឈ្មោះខ្មៅ ភេទប្រុស អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងទី២-ឈ្មោះអាមី ភេទស្រី អាយុជាង២០ឆ្នាំ មុខរបរជាអ្នកលក់ស្រាក្រឡុក មានស្រុកកណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-6766 ឌុបគ្នាចេញពីក្លឹបរាត្រី ១កន្លែង ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7817 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត ត្រូវជាប្រពន្ធ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូហុងដា ឌ្រីម សង់ចំពីមុខ ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូ រួចកិនពីលើជនរងគ្រោះស្លាប់ទាំង២នាក់ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ រថយន្តបង្កហេតុមិនបានឈប់ដោះស្រាយនោះទេ ព្យាយាមបើករត់ទៅមុខរហូតមកដល់ផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបប្រជាពលរដ្ឋឃាត់បានរថយន្តនឹងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែង ស្ទូចយករថយន្តនិងម៉ូតូទៅ រក្សាទុកនៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។

ដោយឡែក សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES