ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអង្គុយផឹកស្រាជាមួយប្តី នៅលើសួនច្បារ ឮតែសំឡេងសើចក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក បែរជាស្រែកទ្រហោយំ រករឿងប្តី ដោយគ្មានមូលហេតុ និងថែមទាំងព្យាយាមចង់សម្លាប់ខ្លួន ដោយស្ទុះទៅលោតទឹកផង រត់ចូលឡានផង តែមិនបាន សម្រេច ដោយសារប្តីនិងបុរសជាអ្នករើសអេតចាយម្នាក់ប្រទះឃើញ ជួយចាប់ឃាត់ទាន់ ស្រាប់តែធ្វើឱ្យស្ត្រីរូបនោះខឹងសម្បា ទាត់បុរសរើសអេត ចាយ១ជើង ចំពងស្វាស បណ្តាលឱ្យហួលចុកអួល ក៏ដើរចេញ លែងខ្វាយខ្វល់។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើស្ពានដែកបាឡេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមសម្តីបុរសជាប្តីរបស់ស្ត្រីខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ និងសាច់ញាតិ បានជួបជុំគ្នាផឹកស្រា នៅសួនច្បារក្បែររង្វង់នាងមច្ឆា ផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ដោយផឹកស៊ីសើចសប្បាយក្អាកក្អាយ។ ចំណែកប្រពន្ធរបស់គាត់ ផឹកអស់ស្រាបៀរច្រើនកំប៉ុង និងក្លែមជាមួយក្តឹបស្វាយ រហូតស្រវឹងជោក ក៏ស្រែកយំ រករឿងគាត់ ដោយគ្មានមូលហេតុ នៅវង់ផឹក។ ពេលនោះ គាត់មិនសូវខ្វាយខ្វល់ ស្រាប់តែប្រពន្ធគាត់ រត់សំដៅឡើងទៅស្ពានដែកបាឡេ និងឡើងលើបង្កាន់ដៃ បម្រុងលោតទឹក។ ប៉ុន្តែសំណាងល្អ ពួកគាត់ស្ទុះទៅដេញចាប់ទាន់ និងហៅម៉ូតូកង់បីជិះត្រឡប់ទៅផ្ទះ នៅគីឡូម៉ែត្រលេខ៦។
បុរសជាប្តី បន្តថា ខណៈពេលដឹកប្រពន្ធមកដល់មុខធនាគាវឌ្ឍនៈ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ម្ចាស់កង់បី បានឈប់ឱ្យនាងចុះ ព្រោះទ្រាំនឹងការរំខានមិនបាន។ នៅពេលចុះពីលើកង់បី នាងគិតតែពីស្រែកយំ ដេកននៀលដី ទោះជាមានអ្នកហាមអ្វីក៏មិនស្តាប់ និងព្យាយាមរត់ចូលឡានគេ បើកតាមផ្លូវទៀតផង ហើយដោយសារតែរូបគាត់ជាប្តី ក៏ស្រវឹង ហើយចាប់នាងមិនឈ្នះ ទើបមានអ្នករើសអេតចាយម្នាក់ បានចូលទៅជួយចាប់ឃាត់ ក៏ស្រាប់តែធ្វើឱ្យប្រពន្ធគាត់ខឹងសម្បា ទាត់មួយជើង ចំពងស្វាស បណ្តាលឱ្យបុរសជាអ្នករើសអេតចាយនោះ ចុកឆ្អល់ ដើរចេញ លែងខ្វាយខ្វល់តែម្តង។
បុរសជាប្តីខាងលើ បានបញ្ជាក់ថា ប្រពន្ធរបស់គាត់នេះ មិនដឹងជាយ៉ាងម៉េច ឱ្យតែផឹកស្រាស្រវឹងខ្លាំង ដឹងតែចេញអាការបែបនេះ ហើយពេលស្វាងស្រវឹង ក៏ភ្លេចអស់ទៅ ប្រៀបបាននឹងមនុស្ស២នាក់ផ្សេងគ្នាចឹង៕