ខេត្តបាត់ដំបង ៖ ក្មេងស្ទាវឈាមរាវ ១ក្រុម បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងជោករៀងខ្លួន ក៏ស្រាប់តែមានយុវជន២នាក់ក្នុង ចំណោមនោះ បានកើតមានជុម្លោះពាក្យសម្តីគ្នាផ្អើលពេញវង់ផឹក រហូតផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាងស្ទុះទាញកាំបិតប៉័ងតោ កាប់ប្រហារទៅលើគូទំនាស់របស់ខ្លួន ចំនួន ៣កាំបិត បណ្តាលឱ្យរងរបួស។
ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី២២ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
ជនសង្ស័យដែលកាប់គូទំនាស់ ៣កាំបិត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទិន រស្មី ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ី គឹមឡាយ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមយុវជន ១ក្រុមខាងលើ បានជួបជុំគ្នាផឹកស៊ីតាំងពីក្បាលព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ រហូតដល់វេលាម៉ោង ១១និង៣០នាទី ថ្ងៃដដែល ក៏ស្រាប់តែជនរងគ្រោះ និងជនសង្ស័យដែលបានផឹកស្រា ស្រវឹងជោកដូចគ្នា បានក្លែមសម្តីគ្នាចុះឡើង រហូតកើតជាជម្លោះផ្អើលពេញវង់ផឹកស៊ី។
ប្រភពដដែល បន្តថា ស្រាប់តែបន្តិចក្រោយមក ភាគីជនសង្ស័យ ក៏បានស្ទុះទៅទាញកាំបិតប៉័ងតោ កាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
ប្រភពខាងលើ បញ្ជាក់ថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការ នគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿង ចាត់ការបន្តតាមច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕