Wednesday, November 27, 2024
Homeព័ត៌មានជាតិបាត់ចៅ១យប់ យាយរកឃើញស្លាប់អណ្តែតទឹក

បាត់ចៅ១យប់ យាយរកឃើញស្លាប់អណ្តែតទឹក

ភ្នំពេញ ៖ ក្មេងប្រុសតូចម្នាក់ ត្រូវបានម្តាយយកទៅផ្ញើឱ្យឪពុកម្តាយ (តាយាយ) ជួយមើលថែ ព្រោះរវល់ចេញទៅធ្វើការ លុះតាយាយភ្លេចខ្លួន ស្រាប់តែចៅប្រុសបានដើរលេងបាត់ខ្លួនអស់១យប់ ស្រាប់តែព្រឹកឡើង ត្រូវបានប្រទះឃើញ​ស្លាប់អណ្តែតនៅក្នុងប្រឡាយទឹក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីនាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិអម្ពិល សង្កាត់កំបូល ខណ្ឌកំបូល។

សពក្មេងប្រុសរងគ្រោះ មានឈ្មោះសុវណ្ណ រាជ អាយុ២ឆ្នាំ មានម្តាយឈ្មោះភក្ត្រ យួន ឪពុកឈ្មោះវណ្ណ ជីវី មានលំនៅក្នុងភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ស្ត្រីជាម្តាយ បានផ្ញើកូនប្រុស (ក្មេងប្រុសរងគ្រោះ) ឱ្យនៅជាមួយជីដូននិងជីតា ជួយមើលការខុសត្រូវ ព្រោះនាងជាប់រវល់ទៅធ្វើការ។ ដោយឡែកកាលពីវេលាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នាងក៏ទុកកូនឱ្យនៅជាមួយយាយតាទៀត រួចក៏ចេញទៅធ្វើការដូចសព្វមួយដងដែរ។ លុះដល់វេលាម៉ោង ៤រសៀល ថ្ងៃដដែល ខណៈយាយតាភ្លេចខ្លួន ពុំបានមើល ស្រាប់តែបាត់ចៅប្រុស ពេលនោះពួកគាត់បានតាមរកគ្រប់កន្លែង តែរកពុំឃើញសោះ ហើយក៏ពុំដឹងថាចៅលង់ទឹកឡើយ។

ប្រភពដដែល បន្តថា ពេលនោះ ពួកគាត់ព្រមទាំងអ្នកភូមិ បានជួយតាមរករហូតដល់យប់ ក៏នៅតែមិនឃើញ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឆក់ឈើនាង ដើម្បីឱ្យនគរបាលជួយស្វែងរកទៀត។ លុះដល់វេលាម៉ោង ៩និង១៥នាទីនាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែមានគេប្រទះឃើញក្មេងប្រុស​រូបនេះស្លាប់អណ្តែតនៅក្នុងទឹកប្រឡាយមេ ស្ថិតនៅក្នុងភូមិអម្ពិល សង្កាត់កំបូល ខណ្ឌកំបូល ដែលមានចម្ងាយប្រមាណ ២ទៅ៣គីឡូម៉ែត្រ ពីផ្ទះក្មេងប្រុសរងគ្រោះ។

ប្រភពខាងលើ បានបន្តថា ភ្លាមៗនោះគ្មាននរណាម្នាក់បានដឹងថា សពក្មេងប្រុសនេះអណ្តែតមកពីទីណាឡើយ ហើយក៏រាយការណ៍ជូនអាជ្ញាធរ និងនគរបាលខណ្ឌកំបូល ឱ្យជួយស្រាវជ្រាវ និងប្រកាសជូនដំណឹងដល់អ្នកដែល​រស់នៅជាប់ប្រឡាយនេះបានដឹង។ ពេលនោះតាយាយរបស់ក្មេងប្រុសរងគ្រោះ បានទៅមើល ហើយក៏ស្គាល់ថាជាចៅរបស់ខ្លួនដែលបានបាត់កាលពីវេលាល្ងាច។

ក្រោយពេលកើត ហេតុនគរបាលបានធ្វើការពិនិត្យកោសល្យវិច័យ ហើយសង្ស័យថាក្មេងប្រុសរូបនេះស្លាប់ដោយ​សារលង់ទឹក រួចបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES