Wednesday, November 27, 2024
Homeព័ត៌មានជាតិគូស្នេហ៍ដឹកគ្នាដើរលួច ជាប់ខ្នោះទាំង២

គូស្នេហ៍ដឹកគ្នាដើរលួច ជាប់ខ្នោះទាំង២

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យប្រុសស្រី ជាគូស្នេហ៍នឹងគ្នា ១គូ បានធ្វើសកម្មភាពជិះម៉ូតូដើរលួចវះកាបូបលុយ លូកហោប៉ៅ លួចលុយ និងទូរស័ព្ទគេ តាមទីប្រជុំជន លុះគាប់ជួនពេលធ្វើសកម្មភាពបានសម្រេចទៅហើយ បែរជាត្រូវម្ចាស់គេដឹងទាន់ ស្រែកឆោឡោ ក៏ព្យាយាមរត់គេចខ្លួន  តែរត់មិនរួច ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ទាំងគូ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះទ្រិញ ដេវីត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះចន ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទាំង២នាក់ ជាគូស្នេហ៍នឹងគ្នា សព្វថ្ងៃស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JE-8514 ដឹកគ្នាដើរធ្វើសកម្មភាពលួច។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យឈ្មោះទ្រិញ ដេវីត បានឈប់ម៉ូតូចាំ ដោយទុកឱ្យជនសង្ស័យឈ្មោះ ចន ស្រីមុំ ចុះទៅធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿងម៉ាក OPPO ពណ៌ទឹកសមុទ្រ ពីហោប៉ៅអាវរបស់ជនរងគ្រោះឈ្មោះប៊ិន ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី។

ប្រភពដដែល បន្តថា លុះពេលធ្វើសកម្មភាពលួចទូរស័ព្ទបានហើយ ជនសង្ស័យបានព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ក៏ស្រែកថាចោរ!ៗ ពេលនោះជនសង្ស័យបានទម្លាក់ទូរស័ព្ទចោល ហើយបានរត់ឡើងទៅជិះម៉ូតូគូស្នេហ៍ ដែលកំពុងឈប់ចាំរួចជាស្រេច បំណងគេចខ្លួន តែរំពេចនោះ ក៏ត្រូវបានសន្តិសុខរោងចក្រនៅក្បែកន្លែងកើតហេតុ បានចេញទៅស្ទាក់ឃាត់ជនសង្ស័យទាំង២នាក់បានភ្លាមៗ រួចក៏ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការបន្តតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង សម្រាប់ដឹកគ្នាធ្វើសកម្មភាព ទូរស័ព្ទ ២គ្រឿង ឡាម ២កំណាត់ និងក្រដាសបញ្ចាំ មួយសន្លឹក។

ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែកទូរស័ព្ទ ត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ៕

RELATED ARTICLES