ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ជិះម៉ូតូដឹកចៅ ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមានសិស្សសាលា២នាក់ ជិះម៉ូតូដឹកគ្នាឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យស្ត្រីចំណាស់ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យភាគីទាំងសងខាង របួសធ្ងន់-ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ភាគីម្ខាងជាសិស្សសាលា ភេទស្រី ចំនួន២នាក់ បានរងរបួសធ្ងន់-ស្រាល ចំណែកភាគីស្ត្រីចំណាស់ និងចៅប្រុសវ័យជាង ១០ឆ្នាំ ក៏ទទួលរងរបួសរងរបួសធ្ងន់-ស្រាលដូចគ្នា។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញស្ត្រីវ័យចំណាស់ម្នាក់ រួមជាមួយចៅប្រុស បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដឹកគ្នា រួមជាមួយសម្ភារៈមួយចំនួន និងអង្ករ ២បេ ធ្វើដំណើរក្នុងទិសដៅពីទីរួមស្រុកមង្គលបុរី ឆ្ពោះទៅបាត់ដំបង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានក្មេងស្រីជាសិស្សសាលាចំនួន ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0591 បានបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យម៉ូតូភាគីខាងស្ត្រីវ័យចំណាស់ និង ចៅ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងចាត់បញ្ជូនជនរងគ្រោះទាំង ៤នាក់ តាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះ និងព្យាបាលភ្លាមៗផងដែរ៕