Wednesday, November 27, 2024
Homeព័ត៌មានជាតិប្តីឆក់ត្រីបាត់យូរ ប្រពន្ធតាមរក ឃើញសពក្នុងបឹង

ប្តីឆក់ត្រីបាត់យូរ ប្រពន្ធតាមរក ឃើញសពក្នុងបឹង

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានប្រាប់ប្រពន្ធថា ចេញទៅឆក់ត្រី នៅបឹង រួចក៏ស្ពាយឧបករណ៍ឆក់ត្រី ដើរចេញពីផ្ទះបាត់ពេញ ១ថ្ងៃ មិនឃើញត្រឡប់មកវិញសោះ ធ្វើឱ្យស្ត្រីជាប្រពន្ធនឹកឆ្ងល់ ក៏នាំកូនដើរតាមរក ស្រាប់តែប្រទះឃើញសពប្តីនៅក្នុងទឹកបឹង បង្កឱ្យមានការ ភ្ញាក់ផ្អើលពេញភូមិ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង ៥ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបឹងរហាលសន្តូក ចម្ងាយប្រហែល ២៥០០ម៉ែត្រ ពីភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ។

ជនរងគ្រោះខាងលើ មានឈ្មោះម៉ៅ យិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ។

តាមសម្តីស្ត្រីឈ្មោះភាន់ កេង អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៦ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ប្តីគាត់បានស្ពាយឧករណ៍ឆក់ត្រី ដើរចេញពីផ្ទះ ដោយប្រាប់គាត់ជាប្រពន្ធថា ចេញទៅលើកលប និងឆក់ត្រីផង នៅចំណុចបឹងសន្តូក ខាងកើតភូមិប្រហែល ២៥០០ម៉ែត្រ។ លុះមកដល់វេលាម៉ោងប្រមាណ ៥ល្ងាច ដោយមិនឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ ទើបគាត់ក៏បាននាំកូនទៅរក តែរកមិនឃើញសោះ ក៏ត្រឡប់មកផ្ទះ ប្រាប់បងប្អូនឱ្យទៅជួយរក នៅចំណុចបឹងរហាលសន្តូក ពេលនោះស្រាប់តែឃើញទូកអណ្តែតទឹកនៅកៀនមាត់បឹង ឃើញបែបនេះគាត់និងអ្នកភូមិ ក៏ចុះទៅមើល ស្រាប់តែឃើញអាគុយ និងម៉ូទ័រឆក់ត្រី នៅលើទូក ពេលនោះគាត់បានសុំឱ្យអ្នកភូមិនាំគ្នាចុះរាវក្រោមទូក ដែលមានទឹកជម្រៅប្រហែល ១,៤០ម៉ែត្រ ស្រាប់តែឃើញសពប្តីរបស់គាត់ ស្លាប់ក្នុងទឹក ដោយមិនដឹងពីពេលណានោះទេ ហើយក៏នាំគ្នាស្រង់សពយកមកផ្ទះ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

លោកមាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ភូមិស្ទឹងកំបុត នៅដាច់ឆ្ងាយវាលប៉ែកខាងត្បូង ពិបាកក្នុងការធ្វើដំណើរ រហូតមកដល់វេលាម៉ោង ៩ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ទើបកម្លាំងជំនាញបានចុះទៅដល់ផ្ទះសព ដោយបានបង្កើតគណៈកម្មការដើម្បីធ្វើការត្រួតពិនិត្យសព ដែលមានសមាសភាព រួមមាន  ១-នគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ២- នគរបាលផ្នែកយុត្តិធម៌ ៣-នគរបាលប៉ុស្តិ៍រហាល ៤-ក្រុមប្រឹក្សាឃុំរហាល ៥-ពេទ្យមណ្ឌលសុខភាពរហាល ៦-លោកមេភូមិស្ទឹងកំបុត និង៧- ប្រពន្ធរបស់សព ។

តាមការពិនិត្យសព មានសភាពហើមស្អុយ ដងខ្លួន មានស្នាមជាំខ្មៅលើស្បែកពេញដងខ្លូន ចំណែកអវយវៈ ដៃខាងស្តាំ មានស្នាមជាំខ្មៅខ្លោចត្រង់កំភួនដៃ សង្ស័យថាជាកន្លែងដែលម៉ូទ័រឆក់ត្រីឆក់។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារម៉ូទ័រឆក់ត្រី ឆក់ខ្លួនឯង មិនពាក់ព័ន្ធរឿងឃាតកម្មទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES