ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ ២នាក់ រួមរស់នឹងគ្នាមិនចុះសម្រុង ក៏ឈានដល់ការបែកបាក់ លែងលះគ្នាដាច់ស្រេចអស់ជាច្រើនឆ្នាំមកហើយ ស្រាប់តែនៅសុខៗ អតីតប្តី បានសុំមកលេងកូនៗ លុះមកដល់ បែរជាបែកគំនិតប្រើល្បិចស៊ីដាច់ម៉ូតូអតីតប្រពន្ធ ដោយបានខ្ចីម៉ូតូអតីតប្រពន្ធជិះ ប្រាប់ថាទៅរកទិញទឹកកកមួួភ្លែត បែរជាជិះគេចខ្លួន ទីបំផុតអតីតប្រពន្ធឆែកតាមប្រព័ន្ធ GPS ដឹងពីល្បិចប្តី ក៏ប្តឹងសមត្ថកិច្ចស្ទាក់ចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។
ករណីអតីតប្តីប្រើល្បិចស៊ីដាច់ម៉ូតូអតីតប្រពន្ធនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង។
ជនសង្ស័យជាអតីតប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ុក សារ៉ាត់ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅឯខេត្តស្វាយរៀង។ ចំណែកស្ត្រីរងគ្រោះជាអតីតប្រពន្ធ មានឈ្មោះឡេង សារុំ អាយុ៣៣ឆ្នាំ មានលំនៅ ភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង។ រីឯម៉ូតូដែលជនសង្ស័យប្រើល្បិចលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ (ជាកម្មសិទ្ធិរបស់ស្ត្រីរងគ្រោះជាអតីតប្រពន្ធ)។
យោងតាមពាក្យបណ្តឹងពីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនសង្ស័យ ឈ្មោះប៉ុក សារ៉ាត់ គឺជាអតីតប្តីប្រពន្ធ ប៉ុន្តែដោយសារតែរស់នៅមិនចុះសម្រុង ទើបបានឈានដល់ការបែកបាក់ លែងលះគ្នាដាច់ស្រេច ប៉ុន្មានឆ្នាំមកហើយ។ លុះមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក៏លេចមុខអតីតប្តីនេះ បានធ្វើដំណើរតាមរថយន្តតាក់ស៊ី មកដល់ផ្ទះរបស់នាង ដោយយកលេសថា សុំមកលេងកូន ដែលកំពុងរស់នៅក្នុងបន្ទុករបស់នាង។ ចំណែករូបនាងក៏មិនថាអ្វីដែរ ព្រោះពួកគេជាសាច់ឈាមនឹងគ្នា ទោះពួកនាងលែងលះ តែគេ ក៏នៅតែជាឪពុករបស់កូននាងដែរ។
ពាក្យបណ្តឹងខាងលើ បន្តថា លុះពេលមកដល់បានមួយសន្ទុះ ជនសង្ស័យជាអតីតប្តី ឈ្មោះប៉ុក សារ៉ាត់ ក៏បានសុំខ្ចីម៉ូតូរបស់នាង ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ប្រាប់ថាទៅទិញទឹកកកមួយភ្លែត ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ រួចក៏ឱ្យម៉ូតូទៅជនសង្ស័យជិះចេញទៅ។ ស្រាប់តែចាំបាត់ៗ យូរទៅៗ មិនឃើញត្រឡប់មកវិញ ទើបនាងមានការសង្ស័យ ក៏បានទំនាក់ទំនងទៅខាងក្រុមហ៊ុន ឆែក (GPS) ព្រោះម៉ូតូរបស់នាងមានភ្ជាប់ប្រព័ន្ធ GPS ស្រាប់តែឃើញថា ម៉ូតូរបស់នាងកំពុងបើកបរនៅលើដងផ្លូវជាតិលេខ៥ ឆ្ពោះទៅទិសខាងកើត ពោលគឺសំដៅចូលទឹកដីខេត្តកំពង់ឆ្នាំង។ ឃើញបែបនេះ ទើបនាងដឹងថា អតីតប្តីបានប្រើល្បិចលួចម៉ូតូរបស់នាង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ស្ទាក់ចាប់ជនសង្ស័យតែម្តង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចបានទំនាក់ទំនងជាមួយកម្លាំងសមត្ថកិច្ចតាមដងផ្លូវជាតិលេខ៥ ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកំពង់ឆ្នាំង ដើម្បីស្ទាក់ចាប់ខ្លួនជនសង្ស័យ ទីបំផុតក៏ចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងទឹកដីស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រគល់មកឱ្យសមត្ថកិច្ចស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕