ភ្នំពេញ ៈ បុរសជាភ្ញៀវេទេសចរជនជាតិជប៉ុន ម្នាក់ បានធ្វើដំណើរកម្សាន្តនៅតាមសួនច្បារមាត់ទន្លេ តែម្នាក់ឯង នៅវេលាទៀបភ្លឺ ក៏ត្រូវនារីម្នាក់ ល្បួងនាំទៅអង្គុយសាងសងគ្នានៅកន្លែងស្ងាត់ រួចក៏លេចមុខបក្ខពួក ១ក្រុម ចូលមកព្រួតគ្នាវាយប្លន់យកខ្សែក និងនាឡិកាដាំពេជ្រ សរុប ១០ម៉ឺនដុល្លារ រួចនាំគ្នាគេចខ្លួនអស់ដោយសុវត្ថិភាព។
ករណីវាយប្លន់ទ្រព្យសម្បត្តិជនបរទេស អស់ជាង ១០ម៉ឺនដុល្លារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ជនរងគ្រោះជាបុរសជនជាតិជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង៣០ឆ្នាំ។ ចំណែករបស់ទ្រព្យដែលបាត់បង់ ត្រូវបានជនរងគ្រោះអះអាងថា មាន ខ្សែកពេជ្រ ១ខ្សែ នាឡិកាមាសដាំពេជ្រ ១គ្រឿង ចិញ្ចៀនពេជ្រ ១វង់ ព្រមទាំងលុយកាក់មួយចំនួនទៀត។
តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរកម្សាន្តនៅតាមសួនច្បារមាត់ទន្លេ តែម្នាក់ឯង ដោយនៅលើខ្លួន មានពាក់របស់ទ្រព្យមានតម្លៃ ដូចរៀបរាប់ខាងលើ ដោយក្នុងនោះ គ្រាន់តែខ្សែកពេជ្រ មានតម្លៃ ជិត៦ម៉ឺនដុល្លារ ឯនាឡិកា មាសដាំពេជ្រ ម៉ាក Rolex តម្លៃជាង ៤ម៉ឺនដុល្លារ។
ប្រភពដដែល បន្តថា លុះក្រោយមក គាត់ក៏បានជួបនារីម្នាក់ ហើយនាងក៏បានល្បួងនាំគាត់ទៅអង្គុយសាសងគ្នានៅកន្លែងស្ងាត់និងងងឹត ស្រាប់តែទៅដល់ អង្គុយចុះមិនទាន់បាននិយាយគ្នាស្រួលផង ក៏លេចមុខជនសង្ស័យជាមនុស្សប្រុស ១ក្រុម បានចូលមកព្រួតគ្នាវាយ រូបគាត់ ប្លន់យកអស់គ្មានសល់ តាំងពីខ្សែក នាឡិកា ចិញ្ចៀន ព្រមទាំងលុយកាក់ក្នុងខ្លួន រួចក៏នាំគ្នារត់គេចបាត់អស់ភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងស្រាវជ្រាវតាមការបញ្ជាក់ភិនភាគពីជនរងគ្រោះ ក៏ឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកល្បួងជនរងគ្រោះទៅអង្គុយកន្លែងស្ងាត់ នាំយកមកសាកសួរ។
ដោយឡែក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ ផងដែរ ក្រែងសមត្ថកិច្ចស្រាវជ្រាវឃើញ និងចាប់បានក្រុមជនសង្ស័យ និងបានទ្រព្យសម្បត្តិមកវិញ៕