Monday, November 25, 2024
Homeព័ត៌មានជាតិចៅវាយសម្លាប់យាយនឹងត្បូងចប រត់គេចជាង១០ថ្ងៃ ជាប់ខ្នោះ

ចៅវាយសម្លាប់យាយនឹងត្បូងចប រត់គេចជាង១០ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនដៃដល់ជាឃាតករចិត្តកំណាចម្នាក់ បានធ្វើសកម្មភាពប្រើត្បូងចប វាយសម្លាប់ជីដូនបង្កើតខ្លួនឯង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១០ថ្ងៃ ទីបំផុតវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅ ចៅប្រុសប្រើត្បូងចប វាយសម្លាប់ជីដូនបង្កើតខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៦៧ ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។ រហូតមកដល់វេលាម៉ោង ៥ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ពោលគឺ ១៣ថ្ងៃក្រោយមក ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាន នៅត្រង់ចំណុចគល់ស្ពានលី យុងផាត់ ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

លោកយាយរងគ្រោះដែលត្រូវចៅប្រុសវាយសម្លាប់នឹងត្បូងចបនោះ មានឈ្មោះមុំ ហៀង អាយុ ៧៧ឆ្នាំ មានលំនៅ ផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់លោកយាយរងគ្រោះ និងមានលំនៅ កន្លែងកើតហេតុខាងលើជាមួយគ្នា។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្រោយពីកើតមានករណីឃាតកម្មវាយសម្លាប់ស្ត្រីចំណាស់ កាលវេលាទៀបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រួចមក កម្លាំងសមត្ថកិច្ច ជំនាញ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចគល់ស្ពានលី យុងផាត់ ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

លោកអធិការ បន្តថា ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួរ ជនសង្ស័យជាឃាតករសម្លាប់ជីដូនបង្កើតខ្លួនឯងខាងលើនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកចបកាប់ ដងដែកវាយសម្លាប់ជីដូនប្រាកដមែន។

ជនសង្ស័យជាឃាតករ បានសារភាពបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រូបគេបានទិញស្រាថ្នាំកន្លះលីត្រ យកមកអង្គុយផឹកតែម្នាក់ឯង រហូតដល់ម៉ោង ៤និង៤០នាទីទៀបភ្លឺ ក៏ឃើញជីដូន (លោកយាយរងគ្រោះ) បានដើរចេញពីក្នុងផ្ទះ មកដល់ចំណុចមាត់ជណ្តើរ ភ្លាមនោះ រូបគេក៏ស្ទុះទៅទាញយកចបកាប់ មកវាយ បណ្តាលឱ្យជីដូនស្លាប់នៅនឹងកន្លែងកើតហេតុ រួចគេចខ្លួនបាត់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា  កាលពីវេលាម៉ោងប្រមាណ ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចមុខផ្ទះលេខ១៦៧ ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដោយស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានជនមិនស្គាល់មុខ ធ្វើសកម្មភាពលបវាយជាច្រើនត្បូងចប បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម នៅខាងមុខផ្ទះរបស់ខ្លួន ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់។ យ៉ាងណាក្រុមគ្រួសារនិងអ្នកជិតខាង បានដាក់ការសង្ស័យថា ជនដៃដល់ជាឃាតករ អាចជាចៅប្រុសរបស់លោកយាយរងគ្រោះ ដែលជាមនុស្សញៀនថ្នាំ ហើយក្រោយកើតហេតុ ចៅប្រុសនោះ ក៏បាត់ខ្លួនដែរ។

តាមការបំភ្លឺពីស្ត្រីជាកូនស្រីរបស់លោកយាយរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលគាត់កំពុងតែដេកនៅលើផ្ទះ ស្រាប់តែឮសូរសំឡេងម្តាយរបស់គាត់ស្រែក និងឮសូរសំឡេងវាយ។  ភ្លាមៗនោះ គាត់ក៏បានស្ទុះចុះមកមើល ឃើញម្តាយបានដួលផ្កាប់មុខ ស្លាប់បាត់ទៅហើយ ដោយមានស្នាមបែកក្បាល និងឈាមហូរស្រោចលើថាសជណ្តើរ ដោយនៅកន្លែងកើតហេតុនោះ មានចបកាប់ដងវែងមួយ នៅពីលើសពម្តាយទៀតផង។

ស្ត្រីជាកូនស្រីលោកយាយរងគ្រោះ បានបញ្ជាក់ថា ជារៀងរាលថ្ងៃ ម្តាយរបស់គាត់តែងតែក្រោកពីយប់ ដើម្បីដាំបាយ និងដាំបបរ មិននឹកស្មានថា ត្រូវបានជនដៃដល់ជាឃាតករ លួចវាយសម្លាប់បែបនេះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពលោកយាយរងគ្រោះ មានស្នាមរបួសដាច់រយះផុងលលាដ៍ក្បាល ជាច្រើនកន្លែង ជាំភ្នែក និងដើមដៃស្តាំបាក់ឆ្អឹងទៀតផង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ លោកយាយរងគ្រោះ បានស្លាប់ដោយសារតែប៉ះទង្គិចក្បាលធ្ងន់ ដែលគេសង្ស័យថា ឃាតករបានប្រើចបកាប់ ដែលបន្សល់ទុក វាយទៅលើលោកយាយ (វាយនឹងត្បូងចប) បណ្តាលឱ្យដួលស្លាប់ រួចគេចខ្លួនបាត់។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មលើលោកយាយរងគ្រោះ ស្រាប់តែចៅប្រុសរបស់លោកយាយ ដែលជាមនុស្សញៀនថ្នាំផងនោះ បានបាត់ខ្លួន មិនដឹងថាទៅណា ជាហេតុនាំឱ្យសមត្ថកិច្ចដូចជាក្រុមគ្រួសារ មានការសង្ស័យថា ចៅប្រុសនោះ ដែលជាមនុស្សញៀនថ្នាំ អាចជាឃាតករវាយសម្លាប់ជីដូនខ្លួនឯង៕

RELATED ARTICLES