Tuesday, April 30, 2024
Homeព័ត៌មានជាតិប្តីមិននៅ ចោរចូលលួចលុយនិងពេជ្រ ប្រពន្ធសំងំ អត់ហ៊ានស្រែក

ប្តីមិននៅ ចោរចូលលួចលុយនិងពេជ្រ ប្រពន្ធសំងំ អត់ហ៊ានស្រែក

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ បានអះអាងថា ផ្ទះរបស់គាត់ធ្លាប់ត្រូវបានចោរចូលលួច ចំនួន២លើកមកហើយ ដោយលើកទី១ កាលពីអំឡុង ឆ្នាំ២០២១ កន្លងទៅ លុះលើកទី២ នៅវេលាទៀបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលប្តីរបស់គាត់ក្រោកចេញពីផ្ទះ ទៅដឹកអីវ៉ាន់ឱ្យគេបាត់ ស្រាប់តែលេខមុខជនសង្ស័យម្នាក់ ចូលមកលួចកាបូបរបស់គាត់ និងចាក់រើមើល យកក្រវិលពេជ្រ និងរបស់ទ្រព្យមានតម្លៃទៅអស់ ដោយសុវត្ថិភាព ទាំងដែលគាត់មើលឃើញសកម្មភាពចោរ តែមិនហ៊ានស្រែក ព្រោះខ្លាចជនសង្ស័យសម្លាប់បំបិទមាត់។

ករណីខាងលើនេះ ត្រូវបានស្ត្រីរងគ្រោះជាម្ចាស់ផ្ទះអះអាងថា បានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅចំណុចភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះដែលអះអាងថា ត្រូវចោរចូលលួចដល់ក្នុងផ្ទះនោះ មានឈ្មោះដួង សុផាន់មៃ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្តីរបស់គាត់បានក្រោកពីយប់ដឹកអីវ៉ាន់ចេញទៅភ្នំពេញ តាំងពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ លុះប្តីចេញទៅ គាត់នៅដេកក្នុងផ្ទះតែម្នាក់ឯងក្នុងបន្ទប់ ចំណែកកូនៗដេកនៅខាងលើ។ លុះនៅវេលាម៉ោង ៤ទៀបភ្លឺ ស្រាប់តែលេចមុខមនុស្សប្រុសម្នាក់ ដើរចូលមកក្នុងផ្ទះគាត់  និងបានចូលមកក្នុងបន្ទប់របស់គាត់ ពេលដឹងថាមនុស្សប្រុសនោះជាចោរ គាត់មិនហ៊ានស្រែកទេ ព្រោះខ្លាចចោរសម្លាប់ ខំសំងំស្ងៀមសឹងតែមិនហ៊ានដកដង្ហើម។ ពេលនោះ ចោរបានយកកាបូបស្ពាយរបស់គាត់ ដែលដាក់នៅលើក្បាលដំណេក ចេញមកក្រៅ ចាក់របស់របរចេញពីកាបូបនៅក្បែរផ្ទះរបស់គាត់ ហើយចោរបានយកលុយនិងក្រវិលពេជ្រ របស់គាត់ ១គូ នៅសល់តែអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗដែលចោរចាក់ពីកាបូបចោល នៅនឹងដីតែប៉ុណ្ណោះ។ លុះភ្លឺឡើង គាត់ក៏បានឃើញកូនកាំបិតមួយ នៅលើតុ ក្នុងបន្ទប់របស់គាត់ ហើយកូនកាំបិតនេះ គាត់បានអះអាងថា ជាកាំបិតរបស់ក្រុមចោរ។

ស្ត្រីខាងលើ បានបន្តឱ្យដឹងថា របស់មានតម្លៃដែលចោរយកទៅនោះ រួមមាន ប្រាក់ ១៨៥០ដុល្លារ ក្រវិលពេជ្រ ១គូ ដែលមានតម្លៃ ជាង១ពាន់ដុល្លារ និងប្រាក់ខ្មែរ ជាង៦០ម៉ឺនរៀល។ ស្ត្រីរងគ្រោះបានអះអាងថា កាលពីឆ្នាំ២០២១ ចោរធ្លាប់បានចូលលួចម៉ូតូស៊េរីឆ្នាំ២០២០ ពីក្នុងផ្ទះរបស់គាត់ ម្តងរួចមកហើយ ឥឡូវឆ្នាំ២០២២ នេះ ចោរបានចូលលួចទ្រព្យសម្បត្តិរបស់គាត់ម្តងទៀតអស់ គ្មានសល់ប្រាក់ដែលខំសន្សំជាយូរមកហើយ។

ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយរក្សាសន្តិសុខ និងជួយថែរក្សាការពារទ្រព្យសម្បត្តិ ជូនគ្រួសាររបស់គាត់ ក៏ដូចជាទ្រព្យសម្បត្តិប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះផង។

ជុំវិញករណីខាងលើនេះ លោកនាយប៉ុស្តិ៍រដ្ឋបាលខ្សាម បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះហើយ លោកក៏កំពុងធ្វើការស្រាវជ្រាវ ដើម្បីវែករកមុខជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាប់៕

RELATED ARTICLES