Monday, November 25, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ រឹតកសម្លាប់ស្រីស្នេហ៍ ស្រឡាញ់ពេក ដេកឱបខ្មោចដល់ហើមស្អុយ

ភ្លើងប្រចណ្ឌ រឹតកសម្លាប់ស្រីស្នេហ៍ ស្រឡាញ់ពេក ដេកឱបខ្មោចដល់ហើមស្អុយ

ខេត្តសៀមរាប ៖ បុរសម្នាក់ មានប្រពន្ធកូនរួចទៅហើយ បែរជាក្បត់ចិត្តប្រពន្ធ ទៅលួចលាក់មានស្រីថ្មី រូបស្រស់ស្អាតម្នាក់ ដោយជួបបន្ទប់រួមរស់ជាមួយគ្នា លុះក្រោយមកក៏កើតមានជម្លោះ ព្រោះភ្លើងប្រចណ្ឌ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពរឹតកសម្លាប់ស្រីស្នេហ៍ រួចដោយក្តីស្រឡាញ់នារីជាសង្សារពេក ក៏ដេកឱបសពរហូតដល់ហើមស្អុយ ភាយក្លិនដល់អ្នកជិតខាង ប្តឹងសមត្ថកិច្ចចុះទៅមើល ក៏ប្រទះឃើញជនសង្ស័យកំពុងដេកឱបខ្មោចស្រីស្នេហ៍ដែលមានសភាពហើមស្អុយទៅហើយ។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ រឹតកសម្លាប់ស្រីស្នេហ៍ រួចដេកឱបសាកសពរហូតដល់ហើមស្អុយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យជាឃាតករសម្លាប់ស្រីស្នេហ៍ រួចដេកឱបសាកសព និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង។ ចំណែកនារីរងគ្រោះដែលជាគូស្នេហ៍របស់ជនដៃដល់ មានឈ្មោះផា រដ្ឋា អាយុ២៦ឆ្នាំ មុខរបរអ្នកថែរក្សាសម្រស់ មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ មុនបាត់បង់ជីវិត ជួលបន្ទប់ស្នាក់នៅជាមួយជនសង្ស័យជាប្រុសស្នេហ៍ ត្រង់ចំណុចទីតាំងកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការបែកធ្លាយករណីឃាតកម្មខាងលើនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានធុំក្លិនស្អុយភាយយ៉ាងខ្លាំង ចេញពីបន្ទប់ជួល (ទីតាំងកើតហេតុ) រហូតដល់ទ្រាំមិនបាន ប៉ុន្តែមិនហ៊ានចូលទៅមើល ព្រោះបន្ទប់ជាប់គន្លឹះពីខាងក្នុង ទើបផ្តល់ដំណឹងប្រាប់ម្ចាស់ផ្ទះជួល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ហើយពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចសម្រេចទម្លុះទ្វារបន្ទប់ ចូលពិនិត្យមើល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងដេកឱបសាកសពដែលមានសភាពហើមស្អុយ គ្របភួយ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកទៅសាកសួរ និងត្រូវបានជនសង្ស័យឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះ ត្រូវជាស្រីស្នេហ៍ ប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតកជនរងគ្រោះ បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារភ្លើងប្រចណ្ឌ។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារការរឹតកប្រាកដមែន (នៅលើបំពង់កជនរងគ្រោះមានស្នាម)។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពនារីរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES