Monday, November 25, 2024
Homeព័ត៌មានជាតិប្តីរឹតកសម្លាប់ប្រពន្ធ កប់សពចោលក្រោយផ្ទះ

ប្តីរឹតកសម្លាប់ប្រពន្ធ កប់សពចោលក្រោយផ្ទះ

ខេត្តសៀមរាប ៖ ប្តីប្រពន្ធមួយគូ បានផឹកស៊ីជុំគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជម្លោះពាក្យសម្តី ស្រាប់តែបុរសជាប្តី ស្ទុះទៅយកខ្សែគោ មករឹតកសម្លាប់ប្រពន្ធ រួចអូសសពយកទៅកប់ចោលនៅខាងក្រោយផ្ទះ ដោយជីករណ្តៅដីយ៉ាងជ្រៅ រួចកប់សពដាំក្បាលចុះក្រោម លុះរំលងបាន១ថ្ងៃ ក៏បែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយក ទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ ប្តីរឹតកសម្លាប់ប្រពន្ធ រួចអូសសពយកទៅកប់ចោលក្រោយផ្ទះនោះ បានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកជីក្រែង បានឱ្យដឹងថា ជនសង្ស័យជាឃាតករសម្លាប់ប្រពន្ធខ្លួនឯងនោះ មានឈ្មោះស៊ុយ ជួរ អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ សព្វថ្ងៃស្នាក់នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសែត ណាន អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះជាមួយគ្នា ។

របាយការណ៍ដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានថា ស្ត្រីរងគ្រោះឈ្មោះសែត ណាន ភេទស្រី អាយុ៣៧ឆ្នាំ បានស្លាប់ ហើយឈ្មោះស៊ុយ ជួរ ជាប្តី បានយកទៅកប់នៅក្រោយផ្ទះ។ ដោយមានការសង្ស័យ ព្រោះកន្លងមកគ្រួសានេះ ធ្លាប់ប្រើអំពើហិង្សា ទើបសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយនគរបាលស្រុកជីក្រែង ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព។

ជាលទ្ធផល តាមការពិនិត្យសព ឃើញមានស្នាមរឹតក បាក់ក និងស្នាមជាំលើដងខ្លូន ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនបុរសជាប្តីស្ត្រីរងគ្រោះ នាំយកទៅសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនមែន ដោយយកខ្សែគោ ចងរឹតក ព្យួកន្ត្រាក់ទៅលើនឹងផ្ទោងខ្ទម នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល ទើបខ្លួនបានទៅ ស្រាយខ្សែទម្លាក់សពចុះ រួចហើយខ្លូនក៏ជីករណ្តៅដីមួយនៅក្រោយផ្ទះ បន្ទាប់មកក៏យកសពប្រពន្ធទៅកប់ ដោយដាំក្បាលចុះទៅក្រោម។

ជុំវិញករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ អធិការនគរបាលស្រុកជីក្រែង លោកតាំង លីហេង បានថ្លែងបញ្ជាក់ប្រាប់ថា ករណីឃាតកម្មខាងលើ មូលហេតុផ្តើមចេញពីគ្រួសារមានជម្លោះ ហិង្សាញឹកញាប់ ជាពិសេសគ្រួសារតែងតែពិសាគ្រឿងស្រវឹងទាំងពីរនាក់ផងដែរ ជាហេតុធ្វើឱ្យភាគីប្តី បាត់បង់ស្មារតី ផ្តើមចេញពីការផឹកស្រា ទើបឈានដល់ការសម្លាប់ប្រពន្ធយ៉ាងឃោរឃៅដូច្នេះ។

ជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះជាប្រពន្ធ សមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES