ខេត្តកំពង់ស្ពឺ ៖ នារីរូបស្រស់ម្នាក់ បានកើតមានជម្លោះតាមឆាតជាមួយសង្សារ ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតដល់ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិអូរការុង ឃុំវាំងចាស់ ស្រុកឧដុង្គ។
នារីដែលចងកបញ្ចប់ជីវិតខ្លួនឯងនោះ មានឈ្មោះភឿន គន្ធា អាយុ៣៤ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅក្នុងភូមិខាងលើ និងមានស្រុកកំណើតនៅភូមិដងទង់ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីមិត្តភក្តិរួមការងាររបស់នារីរងគ្រោះ បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានកើតមានទំនាស់ជាមួយនឹងសង្សាររបស់នាង តាមឆាត រួចក៏ចាប់ផ្តើមមានទឹកមុខស្រងូតស្រងាត់ មិនសូវនិយាយស្តីអ្វីច្រើនដូចរាល់ដងឡើយ ចំណែកមិត្តភក្តិ អ្នករួមការងារ ក៏មិនហ៊ានសួរនាំអ្វីឱ្យស៊ីជម្រៅនោះដែរ។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែប្រទះឃើញនារីរងគ្រោះ បានចងក ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ជួយស្រាយចំណងដាក់នារីរងគ្រោះចុះក្រោម និងទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសស្រុក បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន មិនមានពាក់ព័ន្ធករណីផ្សេងឡើយ។
សពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕