ខេត្តកំពង់ធំ ៖ បុរសម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនក្រមុំគេ រហូតបានសម្រេច បន្ទាប់មកបានព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួន អស់រយៈពេល ១១ឆ្នាំ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១ នៅចំណុចតំបន់អូរកំបុត ស្ថិតភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍។ រហូតដល់ ១១ឆ្នាំក្រោយមក ពោលគឺនៅវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទបាន នៅចំណុចភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍។
ជនត្រូវចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយី យ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទខាងលើ ធ្វើឡើងដោយកម្លាំងនគរបាលស្រុកបារាយណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំ និងធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ។
ប្រភពដដែល បន្តថា នៅវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងផ្នែកការងារព្រហ្មទណ្ឌ ផ្នែកការងារសន្តិសុខស្រុកបារាយណ៍ និងកម្លាំងប៉ុស្តិ៍ត្នោតជុំ ដឹកនាំដោយលោកវរសេនីយ៍ត្រីស ចំរើន អធិការរង បានចុះអនុវត្តដីកាលេខ៤៥៣ ត.ព្រ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ចេញដោយលោកលាង សួគ៌ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះយី យ៉ាត់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅតំបន់អូរកំបុត ភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១។
ដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើ បានបញ្ជាក់ទៀតថា ឈ្មោះយី យ៉ាត់ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលច្បាប់កំណត់ឱ្យផ្តន្ទាទោសដាក់ពន្ធនាគារលើសពី១ឆ្នាំ។ ជនត្រូវចោទឈ្មោះយី យ៉ាត់ ក្រោយពេលប្រព្រឹត្តបទល្មើសរួចហើយ ពុំដែលបានចូលខ្លួនមកឆ្លើយដោះសានៅចំពោះមុខចៅក្រមស៊ើបសួរទេ ដោយបានគេចខ្លួនបាត់ ពុំដឹងថានៅទីណានោះឡើយ។ ដើម្បីបង្ការការរាំងស្ទះនៃដំណើរការនីតិវិធីក្នុងការស្វែងរកការពិត នៅក្នុងសំណុំរឿងក្តីនេះ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះខាងលើ។
ហេតុដូច្នេះ សម្រេច ៖ ១- ឱ្យចាប់ខ្លួនឈ្មោះយី យ៉ាត់ មកប្រគល់ជូនសាលាដំបូងសាមី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ២- បង្គាប់ទៅមន្ត្រីនគរបាលមានសមត្ថកិច្ច ឱ្យចាប់ខ្លួនឈ្មោះខាងលើនេះ ប្រគល់ជូនសាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមផ្លូវច្បាប់។
ជនត្រូវចោទ ឈ្មោះយី យ៉ាត់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អ៊ុង សំអាត