ខេត្តសៀមរាប ៖ ក្មេងទំនើង ១ក្រុម មានគ្នា៦នាក់ ប្រដាប់ដោយដាវនិងកាំបិត បានធ្វើសកម្មភាពព្រួតកាប់ទៅលើយុវជន ២នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក ចំណែកជនបង្កហេតុ ក្រោយធ្វើសកម្មភាពរួច បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចត្រង់ផ្លូវកៅស៊ូ មុខវត្តព្រះអង្គទ្រង់ ស្ថិតក្នុងភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក។
តាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកពួក បានប្រាប់នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយបក្សពួកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដែលមានគ្នាប្រហែល៥ទៅ ៦នាក់ ជិះម៉ូតូចំនួន ៣គ្រឿង មិនស្គាល់ម៉ាក បានកាប់ទៅលើជនរងគ្រោះចំនួន ២នាក់ ជិះម៉ូតូម្នាក់ ១គ្រឿង ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក។
ប្រភពដដែល បានបញ្ជាក់ថា ជនរងគ្រោះទាំង ២នាក់ រួមមាន ទី១-ឈ្មោះខុង សារ៉ង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកភ្នៅ ឃុំដូនកែវ ស្រុកពួក ជិះម៉ូតូម៉ាកហុង ឌ្រីម ស៊េរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1I-4237 រងរបួសដាច់ រយះស្បែក ក្បាលផ្នែកខាងឆ្វេង ប្រវែង ២១សង់ទីម៉ែត្រ កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកពួក និងទី២-ឈ្មោះប្រុន រស់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកសំណង់ រស់នៅភូមិត្រពាំងឫស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប រងរបួសរយះចំនួន ៣កន្លែង (ត្រង់ស្មាខាងស្តាំ ប្រវែង ៩សង់ទីម៉ែត្រ ត្រង់សាច់ដុំដៃស្តាំប្រវែង ៣សង់ទីម៉ែត្រ និងស្លាបប្រចៀវ ប្រវែង សង់ទីម៉ែត្រ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកពួក។
ក្រោយពីធ្វើសកម្មភាពរួច បក្ខពួកជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុកពួក បានសហការជាមួយកម្លាំងនគរបាលស្រុកពួក និងកម្លាំងការិយាល័យជំនាញ កំពុងតាមស្រាវជ្រាវ ដើម្បីស្វែងរកក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕