ខេត្តបាត់ដំបង ៖ សិស្សសាលា ១ក្រុម ទើបនឹងចេញពីរៀន ឃើញមេឃធ្លាក់ភ្លៀងខ្លាំង ក៏នាំគ្នារត់ចូលទៅជ្រកក្រោមដើមអាកាស្យា ១ដើម ស្រាប់តែរំពេចនោះ កើតមានបាតុភូតរន្ទះបាញ់ បណ្តាលឱ្យក្មេងប្រុសស្រីជាសិស្សសាលា សរុប៦នាក់ រងរបួសធ្ងន់-ស្រាល តែដោយសារភ័យស្លន់ស្លោពេក ទើបសន្លប់បាត់មាត់ឈឹង។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រោមដើមអាកាស្យា ១ដើម នៅចំណុចមុខអនុវិទ្យាល័យ រតនមណ្ឌល ស្ថិតក្នុងក្រុមទី០៩ ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល។
តាមប្រភពពីសមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ ១មេធំ លាយឡំទៅដោយខ្យល់ និងផ្គររន្ទះទៀតផង។ ខណៈនោះ ក៏មានសិស្សសាលា១ក្រុម ទើបនឹងចេញពីរៀន បាននាំគ្នាចូលទៅជ្រកភ្លៀងនៅក្រោមដើមអាកាស្យា ទីតាំងកើតហេតុ រួចក៏កើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ បណ្តាលឱ្យសិស្សសាលាចំនួន ៦នាក់ សន្លប់តែម្តង។
ក្មេងប្រុសស្រីជាសិស្សសាលាទាំង ៦នាក់ ដែលរងគ្រោះដោយសារបាតុភូតរន្ទះបាញ់ រួមមាន ៖ ទី១-ឈ្មោះធី ណាភីវ ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។ ទី២-ឈ្មោះហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំ មានលំនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល។ ទី៣-ឈ្មោះព្រើយ កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ មានលំនៅភូមិអណ្តើកហែប ឃុំអណ្តើកហែប។ ទី៤-ឈ្មោះរី ធីតា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល។ ទី៥-ឈ្មោះឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិគីឡូ៣៨ ឃុំ ត្រែង ស្រុករតនមណ្ឌល និងទី៦-ឈ្មោះឡូត មីនា ភេទស្រី អាយុ១៥ឆ្នាំ មានលំនៅ ភូមិចម្ការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល (របួសធ្ងន់)
ក្រោយកើតហេតុ ក្មេងស្រីម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្ត ចំណែកក្មេងប្រុសស្រីដែលរងរបួសស្រាល ចំនួន៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្តៅ៕