ខេត្តកំពត ៖ ក្មេងទំនើងឈាមរាវ ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បាននាំគ្នាធ្វើសកម្មភាពដេញកាប់គ្នា និងកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ចំនួន២ករណី ជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ ជាប់គ្នា។
ករណីក្មេងទំនើងដេញកាប់គ្នានេះ បានកើតឡើង ចំនួន២លើក ផ្សេងគ្នា ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា ដោយលើកទី១ កើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចទំនប់ទឹកអូរច្រនៀង ស្ថិតក្នុងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច (គ្មានអ្នករបួស) និងលើកទី២ កើតឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដូចគ្នា (ខូចខាតម៉ូតូនារីម្នាក់យ៉ាងដំណំ)។ លុះមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង សរុបចំនួន ៥នាក់ នាំយកមកចាត់ការតាមច្បាប់។
ជនសង្ស័យទាំង ៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះរ៉េត រតនៈគង្គា ហៅគា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ ទី២- ឈ្មោះសាន តាំងឡុង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ ទី៣-ឈ្មោះទិត យុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។ ទី៤-ឈ្មោះស៊ីន ឡាយ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច និងទី៥- ឈ្មោះមាស ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មានក្រុមក្មេងទំនើង ចំនួន២ក្រុម បានធ្វើសកម្មភាពដេញកាប់គ្នាយ៉ាងប្រសាច នៅត្រង់ចំណុចទំនប់ទឹកអូរច្រនៀង ស្ថិតក្នុងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ប៉ុន្តែមិនបណ្តាលឱ្យភាគីណាមួយទទួលរងរបួសនោះទេ បន្ទាប់មក ក្រុមក្មេងទំនើងទាំង ២ក្រុម ក៏ចែកផ្លូវគ្នាបាត់អស់ទៅ។
ប្រភពដដែល បន្តថា លុះមកដល់វេលារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក៏មានក្រុមមួយក្នុងចំណោមក្រុមក្មេងស្ទាវទាំងនោះ បានបន្តកាប់ម៉ូតូនារីម្នាក់ បណ្តាលឱ្យខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ រកឃើញវត្ថុតាង ដូចជាកាំបិត ២ដើម ដាវដែក ១ដើម ព្រមទាំងកំណត់ច្បាស់នូវមុខសញ្ញាដែលបានធ្វើសកម្មភាពទាំងនោះ។
លុះមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកកំពង់ត្រាច ក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ បញ្ជូនមកស្នងការដ្ឋាន ដើម្បីសាកសួរ។ ចំណែកបក្ខពួកមួយចំនួន ដែលបានរត់គេច កម្លាំងសមត្ថកិច្ច កំពុងតាមដាន ដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់។
ក្រោយឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង ៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕