Monday, November 25, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធផ្ទុះជំលោះ វ៉ៃគ្នារបួស ប្តីប្តឹងចាប់ប្រពន្ធ

ប្តីប្រពន្ធផ្ទុះជំលោះ វ៉ៃគ្នារបួស ប្តីប្តឹងចាប់ប្រពន្ធ

ភ្នំពេញ ៖ សំណុំរឿងប្តីប្រពន្ធវ៉ៃគ្នា (កំពុងប្តឹងលែងលះ ប៉ុន្តែតុលាការមិនទាន់ចេញសាលក្រម) ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ (ភាគីប្រពន្ធ) បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីប្រើអំពើហិង្សាព្រួតគ្នាវាយភាគីខាងប្តី។

ស្ត្រីជាជនជាប់សង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះបូ រ៉ានី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ 131A8 ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 

ដើមចមនៃការឃាត់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ (ព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរ) ស្ថិតនៅក្នុងបុរីអ័រគីដេ ផ្លូវជាតិលេខ 6A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បង្កដោយភាគីជនសង្ស័យមានគ្នា៥នាក់ (ខាងប្រពន្ធ)។

ក្រោយកើតហេតុភាគីខាងប្តីដែលរងរបួស បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចឱ្យជួយចាត់ការលើករណីហិង្សានេះ ទើបសមត្ថកិច្ចបាន សុំការអនុញ្ញាតពីស្ថាប័នអយ្យការ ឃាត់ខ្លួនភាគីដែលជាជនបង្កហេតុនាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

យោងតាមពាក្យបណ្តឹង បានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ភាគីដើមបណ្តឹង (ប្តី) និងប្អូនស្រី រួមជាមួយមិត្តភក្តិប្អូនស្រី ម្នាក់ទៀត បាននាំគ្នាទៅមើលផ្ទះដែលទិញបង់រំលស់នៅបុរីអ័រគីដេ ព្រែកលៀប (ផ្ទះទិញរួមគ្នាជាមួយប្រពន្ធ) ក្នុងគោលបំណងលក់វិញ។ លុះ ពេលទៅដល់ស្រាប់តែឈ្មោះបូ រ៉ានី (ភាគីខាងប្រពន្ធ) និងបក្ខពួក៤នាក់ទៀត (ប្រុស២នាក់) បានធ្វើសកម្មភាពដោយ ប្រើប្រាស់ ទូរស័ព្ទដៃ ថតឡាយភាគីខាងប្តីដែលកំពុងដើរមើលក្នុងផ្ទះនោះ បង្កឱ្យកើតមានជម្លោះឈានដល់ភាគីខាងប្រពន្ធ ព្រួតគ្នាវាយ ទាត់ធាក់ទៅលើភាគីខាងប្តី ទាំង៣នាក់ ខ្លះបែកក្បាល ខ្លះបែកចិញ្ចើម បែកគុម្ពត្រចៀក របួសកែងដៃ ជាំភ្លៅ និងដាច់សក់ទាំងដុំៗ រួចហើយក្រុមជនបង្ក បាននាំគ្នាគេចខ្លួន បាត់អស់ទៅ។ 

តាមចម្លើយជនសង្ស័យឈ្មោះបូ រ៉ានី នៅមុខសមត្ថកិច្ចក៏បានទទួលស្គាល់ដែរថា ខ្លួននិងបក្ខពួកពិតជាបានព្រួតគ្នាធ្វើ សកម្មភាពវាយទៅ លើភាគីម្ខាងទៀត (ប្តី) ប្រាកដមែន។ ដោយយោងទៅពាក្យបណ្តឹងរបស់ភាគីខាងរងរបួស និងចម្លើយសារភាពរបស់ជនសង្ស័យស៊ីចង្វាក់គ្នា និង ពាក់ព័ន្ធបទល្មើស សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ដែលសំណុំរឿងនេះបានស្ថិតនៅ លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ។ 

   សូមបញ្ជាក់ថា ដើមបណ្តឹង និង ចុងចោទឈ្មោះ បូ រ៉ានី ជាប្តីប្រពន្ធ មានរឿងក្តីក្តាំប្តឹងផ្តល់គ្នានៅតុលាការ ដោយសុំផ្តាច់អនីតិសង្វាស (លែងលះ) ព្រោះតែការរស់នៅមិនចុះសម្រុងគ្នា។ ប៉ុន្តែបណ្តឹងនោះតុលាការមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺទាំង២ នាក់ប្តីប្រពន្ធ មិនទាន់មានសាលក្រមលែង លះជាផ្លូវការនោះដែរ។       

ការសាកសួរស្ត្រីជាជនសង្ស័យខាងលើ បានអូសបន្លាយរហូតដល់ល្ងាចថ្ងៃទី២៩ ខែមិថុនា ទើបតំណាងអយ្យការបានផ្ញើជនសង្ស័យ ទៅសមត្ថកិច្ចវិញ ដោយមិនទាន់សម្រេចយ៉ាងណានៅឡើយ។/

RELATED ARTICLES