ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេល៣ឆ្នាំមកហើយ លុះនៅសុខៗ ស្រាប់តែបុរស ជាប្តីបានចាកចេញទៅ បាត់ ដោយគ្មានផ្តល់ដំណឹងអ្វីដល់ប្រពន្ធសោះ ធ្វើឱ្យស្ត្រីជាប្រពន្ធប្រឹង ស្វះស្វែងតាមរកប្តី អស់រយៈពេល៣ខែទៅហើយនៅតែគ្មានដំណឹងសូន្យឈឹង ជាហេតុធ្វើឱ្យលំបាកចិត្តខ្លាំងពេក ក៏ឡើងមកអង្គុយ ទួញយំលើស្ពានជ្រោយចង្វាទាំងកណ្តាលយប់ ជាហេតុធ្វើឱ្យអ្នកដំណើរឆ្លងកាត់ប្រទះឃើញ នឹកស្មានថា ចង់សម្លាប់ ខ្លួនក៏រាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីដែលមកអង្គុយទួញយំលើស្ពានជ្រោយចង្វាខាងលើនេះ មានឈ្មោះអមរ៉ា ហៅស្រីពៅ អាយុ២៧ឆ្នាំ មានប្តីឈ្មោះឆោម ប៊ុណ្ណារ៉ា អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមសម្តីរបស់ស្ត្រីខាងលើ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានស្រលាញ់គ្នាអស់រយៈពេលជាង៣ឆ្នាំទៅហើយ និងបានសែនព្រេន មានការដឹងលឺពីឪពុកម្តាយទាំងសងខាងទៀតផង។ បន្ទាប់ពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកនាងបានមកស្នាក់នៅផ្ទះបងថ្លៃ នៅម្តុំស្តុបណូគា ដោយចាប់ដៃគ្នារកស៊ី លក់ដូរ ហើយមិនដែលមានទំនាស់អ្វីឡើយ។
ស្ត្រីរូបនេះ បន្តថា ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងនិងប្តីបានផ្លាស់ប្តូរផ្ទះទៅស្នាក់នៅបន្ទប់ជួលនៅម្តុំផ្សារដើមថ្កូវវិញ ដែលជាពេល វេលាប្តីរបស់នាងបានចាកចេញពីនាងបាត់សូន្យឈឹង ដោយគ្មានដំណឹងអ្វីទាំងអស់ អស់រយៈពេលជាង៣ខែមកហើយ។ ចំណែកលេខទូរស័ព្ទ ហ្វេសប៊ុក និងប្រព័ន្ធទំនាក់ទំនងផ្សេងៗទៀត ប្តីរបស់នាងក៏បានកាត់ផ្តាច់មិនឱ្យនាងទាក់ទងបានទេ។ ហើយនៅពេលដែលនាងទំនាក់ទំនងទៅ អ្នកផ្ទះខាងណា ក៏គ្មានអ្នកណាប្រាប់ពីដំណឹងប្តីរបស់នាងដែរ ដោយពួកគាត់បាននិយាយថា រឿងប្តីប្រពន្ធដោះស្រាយខ្លួនឯងទៅ។
ស្ត្រីខាងលើ បានបញ្ផាក់ថា រយៈពេលជាង៣ខែមកនេះ នាងបានដើរស៊ើបសួរដំណឹងប្តីពីអ្នកស្គាល់គ្នា ហើយក៏មានអ្នកខ្លះ បានខ្សឹបប្រាប់ថា ប្តីរបស់នាងត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែនាងមិនជឿសម្តីគេទេ ដោយនាងគិតថា ប្តីនាង គឺនៅជិតៗនាង គ្រាន់តែគេចវេសមិនជួបនាងតែប៉ុណ្ណោះ ព្រោះជឿសម្តីគ្រួសារចង់ឱ្យគេបែកគ្នាទៅយកអ្នកថ្មី។
ស្ត្រីរូបនេះ បានអះអាងថា នាងមកទីនេះ គ្មានបំណងមកលោតទឹកនោះទេ គ្រាន់តែមករំសាយអារម្មណ៍ ព្រោះតែស្មុគស្មាញគំនិត ដេករង់ចាំដំណឹងប្តី តែម្នាក់ឯង។ យ៉ាងណានាងសូមប្រកាសឱ្យបុរសជាប្តីមានឈ្មោះឆោម ប៊ុណ្ណារ៉ា ចេញមុខមកដោះស្រាយជាមួយនាង ឱ្យដាច់ស្រឡះ កុំព្យាយយាមគេចវេសបែបនេះទៀត ព្រោះនាងព្រមលះបង់អស់ហើយ សូម្បីតែគ្រួសារ ដើម្បីមករួមរស់ជាមួយប្តី បើចង់ចាក ចេញ គួរតែប្រាប់នាង១ម៉ាត់ផង។/