ភ្នំពេញ ៈ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយួនឹងអ្នកជិតខាង ឃើញបែបនេះ ប្អូនប្រុសក៏ចូលទៅឃាត់ ខ្លាចមានរឿង ហិង្សា ស្រាប់តែបងប្រុសដែលកំពុងពុលកំហឹង បែរជាខឹងសម្បាជាមួយនឹងប្អូនប្រុសខ្លួនឯងទៅវិញ រហូតដល់ទាញដុំថ្ម១ដុំធំ មកវាយសំពងបំបាក់ ជើងប្អូនប្រុសរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សា បងប្រុសវ៉ៃបំបាក់ជើងប្អូនខ្លួនឯងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ៧៦៨ ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនសង្ស័យជាបងប្រុសដែលវាយបំបាក់ជើងប្អូនប្រុសរបស់ខ្លួន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ឹម សុភ័ក្ត្រ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាប្អូនប្រុស មានឈ្មោះស៊ឹម សុភា អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ។ បងប្អូនទាំង២នាក់ខាងលើ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាបងប្រុស បានកើតមានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាង ពេលនោះជនរងគ្រោះជាប្អូនបានឃើញ ក៏ចូលទៅឃាត់ខ្លាចកើតមានអំពើហិង្សាណាមួយ ស្រាប់តែធ្វើឱ្យបងប្រុសដែលកំពុងពុលកំហឹង បែរជាខឹង សម្បារករឿងឈ្លោះជាមួយប្អូនប្រុសខ្លួនឯងទៅវិញ។ បន្ទាប់មក ជនសង្ស័យក៏បានស្ទុះទៅរើសដុំថ្ម១ដុំធំ វាយសំពងចំស្មងជើងខាងស្តាំរបស់ ជនរងគ្រោះជាប្អូន បណ្តាលឱ្យបាក់ជើងរងរបួសយ៉ាងធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកទៅព្យាបាលរបួសនៅគ្លីនិក ឯកជន។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចចុះ ឃាត់ខ្លួន បញ្ផូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ផូនទៅចាត់ការបន្តតាមនីតិវិធី។/