ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹង ក៏បានទៅរករឿងបុរសម្នាក់ទៀត រួចក៏ទាញស្បែកជើង និងកៅអីវាយ ក្បាលគេ តែត្រូវភាគីម្ខាងទៀតគេចផុត ក៏ទាញកាំបិតមកចាក់ប្រហារចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ច ចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី បន្ទាប់ពីឃាត់ខ្លួនក្នុងករណី ហឹង្សាដោយចេតនា មានស្ថានទម្ង់ទោស ដែលបានប្រព្រឹត្តនៅក្រុងប៉ោយប៉ែត។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះណា បូរ៉ា ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះជៀម ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បណ្តាលឱ្យរងរបួសចំទ្រូងខាងឆ្វេងចំនួន១កន្លែង និងចំខ្នងដៃខាងស្តាំ មានហូរឈាមច្រើនបណ្តាលឱ្យសន្លប់។ ក្រោយពីកើតមានហេតុការណ៍បង្ករបួសស្នាមនេះកើតឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះទៅឃាត់ខ្លួនជនសង្ស័យជាជនបង្កយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
លោកមេបញ្ជាការបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះបានផឹកស្រាស្រវឹង មកអុកឡុកនៅកន្លែងរបស់ខ្លួននៅម្តុំផ្សាររ៉ា ពេលនោះបុរសម្នាក់នោះ បាន យកស្បែកជើង និងកៅអីបម្រុងវាយរូបខ្លួន ខ្លួនក៏បានគេចផុត ហើយរូបគេក៏ដកកូនកាំបិតពីក្នុងកាបូប ដើម្បីគំរាមកុំឱ្យបុរសខាងលើ វាយមក លើរូបខ្លួន ពេលនោះក៏មានការប្រតាយប្រតប់គ្នា ទើបបណ្តាលឱ្យបុរសនោះរងរបួសដោយកាំបិតចំទ្រូង ហើយបុរសនោះស្រវ៉ា ចាប់ទាញយក កាំបិតពីដៃរបស់ខ្លួន បណ្តាលឱ្យម៉ុតដៃបុរសនោះបន្ថែមទៀត។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។/