ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្រី២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា ក្រោយពេលចេញពីសាលារៀន ក៏ឆ្លៀតនាំគ្នាទៅងូតទឹកស្រះលេង ទាំងដែលមិនចេះហែលទឹកដូចគ្នា លុះពេលកំពុងងូតយ៉ាងសប្បាយ ស្រាប់តែប្អូនប្រុសបានលង់ទឹក ទើបបងស្រីឃើញបែបនេះ ក៏ស្ទុះទៅជួយ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចស្រះទឹក មួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ។
ក្មេងប្រុសស្រីទាំង២នាក់បងប្អូនដែលលង់ទឹកស្លាប់ខាងលើ រួមមាន ទី១-ឈ្មោះចាន់ ចាវមាន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស។ និងទី២-ឈ្មោះចាន់ ចន្នី ភេទប្រុស អាយុ១០ឆ្នាំ។ ទាំងពីរនាក់បងប្អូនមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់បងប្អូន ទើបនឹងចេញពីសាលា រៀន រួចក៏បបួលគ្នាចុះងូតទឹកស្រះលេង ទាំងខ្លួនមិនចេះហែលទឹកដូចគ្នា លុះពេលចុះលេងទឹកប្អូនប្រុសក៏លង់ ទើបបងស្រីបានស្ទុះទៅជួយ បណ្តាលឱ្យលង់ស្លាប់ទាំងពីរនាក់បងប្អូនតែម្តង។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យសាកសពក្មេងរងគ្រោះទាំង២នាក់ រួចបញ្ផាក់ថា ក្មេងរងគ្រោះទាំង២នាក់បងប្អូន ពិតជាស្លាប់ដោយសារឈ្លក់ទឹក ប្រាកដមែន រួចក៏ប្រគល់សាកសព ជូនឪពុកម្តាយ សាច់ញាតិ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។/